រុស្ស៊ី និង កូរ៉េខាងជើង ពង្រឹងកិច្ចសហប្រតិបត្តិការយោធា

ព្យុងយ៉ាង ៖ ប្រទេសរុស្ស៊ី និង កូរ៉េខាងជើង យល់ព្រម ពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី រយៈពេលវែង ស្របពេលដែលរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានទៅដល់ទីក្រុងព្យុងយ៉ាង។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយ កាលពីថ្ងៃអាទិត្យ ថា រុស្ស៊ី និងកូរ៉េខាងជើង បានព្រមព្រៀងគ្នា ក្នុងកិច្ចសហប្រតិបត្តិការយោធា រយៈពេលវែង ខណៈដែលប្រមុខយោធារបស់ទីក្រុងម៉ូស្គូ បានទៅបំពេញទស្សនកិច្ច នៅទីក្រុងព្យុងយ៉ាង។

បើតាម AFP, កូរ៉េខាងជើង បានបញ្ជូនទាហាន រាប់ពាន់នាក់ ព្រមទាំង កាំជ្រួច និងអាវុធយុទ្ធភណ្ឌ ទៅគាំទ្រសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន។ ជាថ្នូរវិញ អ្នកវិភាគ និយាយថា កូរ៉េខាងជើងកំពុងទទួលបានជំនួយហិរញ្ញវត្ថុ បច្ចេកវិទ្យាយោធា អាហារ និងថាមពល ពីរុស្ស៊ី ដោយបានជួយក្រុងព្យុងយ៉ាង គេចផុតពីទណ្ឌកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរ លើកម្មវិធីនុយក្លេអ៊ែរ ដែលត្រូវបានហាមឃាត់។

ប្រទេសទាំងពីរ បានចុះហត្ថលេខា លើសន្ធិសញ្ញាយោធា នៅឆ្នាំ២០២៤ ដោយតម្រូវឱ្យរដ្ឋទាំងពីរ ផ្តល់ជំនួយផ្នែកយោធា “ដោយគ្មានការពន្យាពេល” ក្នុងករណីមានការវាយប្រហារ លើភាគីម្ខាងទៀត។

ពេលទៅដល់កូរ៉េខាងជើង, រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrey Belousov បាននិយាយថា «យើងបានយល់ព្រម ជាមួយក្រសួងការពារជាតិកូរ៉េខាងជើង ក្នុងការដាក់កិច្ចសហប្រតិបត្តិការយោធារបស់យើង លើការឈរជើង ប្រកបដោយស្ថិរភាព និង យូរអង្វែង»។

លោកបានបន្ថែមថា «យើងត្រៀមខ្លួនជាស្រេច ក្នុងការចុះហត្ថលេខា លើផែនការមួយ ក្នុងឆ្នាំនេះ សម្រាប់កិច្ចសហប្រតិបត្តិការយោធា រវាងរុស្ស៊ីនិងកូរ៉េ សម្រាប់រយៈពេល ចន្លោះពីឆ្នាំ ២០២៧ ដល់ ២០៣១»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner