លោក ត្រាំ ងាកទៅផ្តោតលើសង្គ្រាមនៅ អ៊ុយក្រែន ឡើងវិញ
វ៉ាស៊ីនតោន ៖ បន្ទាប់ពីជាប់ដៃដឹកនាំសង្គ្រាមប្រឆាំងអ៊ីរ៉ង់ប្រមាណ ២ ខែមកនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានងាកទៅផ្តោត លើការស្វែងរកដំណោះបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឡើងវិញ ។
ការងាកទៅផ្ដោតលើការស្វែងរកដំណោះបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឡើងវិញនេះកើតមានឡើង បន្ទាប់ពីលោក ត្រាំ បានជួបសន្ទនា តាមទូរស័ព្ទ ជាមួយនឹង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin រួមជាមួយនឹង លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន ។
ថ្លែងក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ, លោក Trump អះអាងថា លោកមានការសន្ទនាដ៏ល្អ ជាមួយ មេដឹកនាំប្រទេសទាំងពីរ ដោយលោកជឿជាក់ថា ភាគីទាំងអស់នឹងទទួលបានលទ្ធផលល្អរៀងៗខ្លួន ។
លោកបានប្រាប់ គូជម្លោះ ទាំងពីរថា «ការស្អប់គ្នា រវាង ប្រធានាធិបតី Putin និង ប្រធានាធិបតី Zelenskiy គឺជារឿងគួរឱ្យអស់សំណើច និង ជារឿងឆ្គួតលីលា ក្នុងពេលដែលយើងព្យាយាម ដោះស្រាយអ្វីមួយ» ។
លោក ដូណាល់ ត្រាំ ធ្លាប់បានប្តេជ្ញាថា នឹងបញ្ចប់សង្រ្គាម ដែលបានចាប់ផ្តើម ជាមួយនឹងការលុកលុយ ពេញទំហឹងរបស់រុស្សី ទៅលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ត្រឹមតែរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ ប៉ុន្តែ ជាងមួយឆ្នាំ នៃ អាណត្តិទី២ របស់លោក ត្រាំ កន្លងមកនេះ , ជម្លោះប្រដាប់អាវុធនៅអឺរ៉ុបខាងកើតមួយនេះ នៅតែបន្តកើតមានដដែល ៕
ប្រភពពី Reuters ប្រែសម្រួល ៖ សារ៉ាត