កូរ៉េខាងត្បូង អំពាវនាវឱ្យពិភពលោក រួមគ្នាទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់ កូរ៉េខាងជើង
សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃ អង្គារ នេះ បានចេញមុខជំរុញឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ និងដោះស្រាយជាបន្ទាន់ ជុំវិញបញ្ហាកម្មវិធីអភិវឌ្ឍអាវុធប្រល័យលោករបស់កូរ៉េខាងជើង ដោយពណ៌នាថា វាជាការគំរាមកំហែងដ៏ធំបំផុត ចំពោះប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែរទូទាំងពិភពលោក ។

ការអំពាវនាវនេះ កើតមានឡើង បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានប្តេជ្ញាចិត្តថា នឹងពង្រឹងឋានៈប្រទេសរបស់ខ្លួន ជាមហាអំណាចនុយក្លេអ៊ែរ ហើយនៅតែរក្សាជំហរដ៏ម៉ឺងម៉ាត់ចំពោះកូរ៉េខាងត្បូង ដោយចាត់ទុកប្រទេសនេះ ជារដ្ឋ «សត្រូវ» ដ៏គ្រោះថ្នាក់បំផុត ។
បើតាម Anadolu, អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Jeong Yeon-doo បានថ្លែងប្រាប់សន្និសីទស្តីពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហៅកាត់ (NPT) នៅទីក្រុង New York ថា កូរ៉េខាងជើង នៅតែជាបញ្ហាប្រឈមតែមួយគត់របស់ពិភពលោក បន្ទាប់ពីប្រទេសនេះ ដកខ្លួនចេញពីសន្ធិសញ្ញា NPT និងបន្តការអភិវឌ្ឍអាវុធនុយក្លេអ៊ែរមិនបន្ធូរដៃ ។
លោក Jeong Yeon-doo បានប្រកាសជំរុញឱ្យសហគមន៍អន្តរជាតិ បញ្ជូនសាររួមមួយថា អនាគតសន្តិសុខ និងសេដ្ឋកិច្ចរបស់កូរ៉េខាងជើង ដាច់ខាតត្រូវតែពឹងផ្អែកលើការវិលត្រឡប់ទៅរកក្របខ័ណ្ឌសន្ធិសញ្ញា NPT វិញ ។
បន្ថែមលើនេះ លោក Jeong Yeon-doo ក៏បានអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់កិច្ចសហប្រតិបត្តិការយោធាជាមួយកូរ៉េខាងជើងផងដែរ ដោយព្រមានថា ទំនាក់ទំនងបែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ។
យោងតាម Yonhap, សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ដែលមានសុពលភាពចាប់តាំងពីឆ្នាំ ១៩៧០ គឺជាកិច្ចព្រមព្រៀងសកលដ៏សំខាន់មួយ បង្កើតឡើងមានគោលបំណងទប់ស្កាត់ការរីករាលដាលអាវុធនុយក្លេអ៊ែរ និងលើកកម្ពស់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី ដោយមានសន្និសីទពិនិត្យ និងវាយតម្លៃឡើងវិញ រៀងរាល់ ៥ ឆ្នាំម្តង ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
