វេណេស៊ុយអេឡា ចុះកុងត្រាផលិតប្រេង ជាមួយក្រុមហ៊ុនអ៊ីតាលី

ការ៉ាកាស ៖ ប្រទេស វ៉េណេស៊ុយអេឡា បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Eni របស់អ៊ីតាលី ដើម្បីជំរុញផលិតកម្មប្រេង និង ឧស្ម័ន ខណៈដែលទីក្រុង ការ៉ាកាស ស្វែងរកការស្តារវិស័យថាមពលរបស់ខ្លួនឡើងវិញ បន្ទាប់ពីលោកប្រធានាធិបតី ម៉ាឌូរ៉ូ ត្រូវបានយោធាអាមេរិក ចូលទៅចាប់ខ្លួន ដល់រដ្ឋធានី កាលពីដើមឆ្នាំ២០២៦។

ប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez បានទទួលស្វាគមន៍ នាយកប្រតិបត្តិ ក្រុមហ៊ុន Eni លោក Claudio Descalzi នៅឯវិមាន Miraflores កាលពីថ្ងៃអង្គារ ហើយបានអរគុណ ក្រុមហ៊ុនសម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួន។

លោកស្រី និយាយថា «ខ្ញុំចង់ផ្តល់កិត្តិយស ដល់ក្រុមហ៊ុនអ៊ីតាលីមួយនេះ ជាក្រុមហ៊ុនអឺរ៉ុប ដែលបានរក្សាទំនាក់ទំនង និងរក្សាផែនការផលិតឧស្ម័ន ក្នុងប្រទេសរបស់យើង»។

បើតាម Anadolu, កិច្ចព្រមព្រៀងនេះធ្វើឡើង បន្ទាប់ពីមានការចេញអាជ្ញាប័ណ្ណរបស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអេស្ប៉ាញ Repsol ធ្វើប្រតិបត្តិការប្រេងនិងឧស្ម័ន ជាមួយនឹងប្រទេស វ៉េណេស៊ុយអេឡា និងក្រុមហ៊ុនរដ្ឋ PDVSA ដោយសម្គាល់ពីការផ្លាស់ប្តូរបទប្បញ្ញត្តិ បន្ទាប់ពីមានការរឹតត្បិត ជាច្រើនឆ្នាំ។

ការដាក់ទណ្ឌកម្ម និង ការវិនិយោគតិចតួចជាច្រើនឆ្នាំ បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះ មានការរិចរិលយ៉ាងធ្ងន់ធ្ងរ ដោយបច្ចុប្បន្ន ផលិតកម្មប្រេង មានប្រហែល ៨០ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃ ពោលគឺទាបជាងកម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ ដែលធ្លាប់មានជាង ៣លានបារ៉ែល៕

ប្រភពពី AFP, Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner