លោក ត្រាំ ៖ អ៊ីរ៉ង់ ចង់ឱ្យអាមេរិកបើកច្រកសមុទ្រ Hormuz ឱ្យឆាប់បំផុត
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃ អង្គារ បាប្រកាសក្តែងៗថា អ៊ីរ៉ង់កំពុងប្រឈមមុខនឹងការដួលរលំប្រទេស ហើយទីក្រុងតេហេរ៉ង់បានស្នើសុំឱ្យទីក្រុងវ៉ាស៊ីនតោន បើកច្រកសមុទ្រ Hormuz ឡើងវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
លោក Trump បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា អ៊ីរ៉ង់ ទើបតែបានជូនដំណឹងដល់យើងថា ពួកគេកំពុងប្រឈមមុខនឹងការដួលរលំប្រទេស ។
លោកថា អ៊ីរ៉ង់ចង់ឱ្យអាមេរិកបើកច្រកសមុទ្រ Hormuz ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈពួកគេព្យាយាមដោះស្រាយស្ថានភាពនៃភាពជាអ្នកដឹកនាំរបស់ពួកគេ ។
យ៉ាងណា មេដឹកនាំអាមេរិករូបនេះ មិនបានផ្តល់ព័ត៌មានលម្អិត គាំទ្រដល់ការលើកឡើងរបស់ខ្លួននោះទេ ហើយក៏មិនមានការឆ្លើយតបភ្លាមៗពីមន្ត្រីអ៊ីរ៉ង់នោះដែរ ។
បើតាម Anadolu, ការប្រកាសនេះ កើតឡើងក្រោយមានរបាយការណ៍ថា លោក Trump មិនពេញចិត្តនឹងសំណើរបស់ទីក្រុងតហេរ៉ង់ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងឆ្ពោះទៅរកការបញ្ចប់សង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ។
យោងតាមមន្ត្រីអ៊ីរ៉ង់, ប្រតិបត្តិការយោធារវាងអាមេរិក និងអ៊ីស្រាអែល កាលពីចុងខែកុម្ភៈ បានសម្លាប់មនុស្សជាង ៣,៣០០ នាក់ មុនពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ប្រកាសបទឈប់បាញ់រយៈពេលពីរសប្តាហ៍នៅថ្ងៃទី៨ ខែមេសា ដែលសម្របសម្រួលដោយប៉ាគីស្ថាន ។
ដើមឡើយ បទឈប់បាញ់នេះ នឹងផុតកំណត់នៅថ្ងៃទី២២ ខែមេសា ប៉ុន្តែលោកប្រធានាធិបតី Trump បានប្រកាសពីការពន្យារពេលដោយគ្មានកំណត់កាលពីថ្ងៃទី២១ ខែមេសា តបតាមសំណើរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif និងមេទ័ពប៉ាគីស្ថាន លោក Asim Munir ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា