ក្រសួងប្រៃសណីយ៍រៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងអំពី“កិច្ចការពារទិន្នន័យបុគ្គល” ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការអង្គភាពក្រោមឱវាទ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី «កិច្ចការពារទិន្នន័យបុគ្គល» ជូនដល់ មន្ត្រីរាជការនៃអង្គភាពចំណុះ ក.ប.ទ. ប្រមាណ ១៥០ នាក់ ក្រោមអធិបតីភាព ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការ ក.ប.ទ.។

អង្គសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងបញ្ជ្រាបការយល់ដឹងឱ្យកាន់តែច្បាស់ដល់មន្ត្រីរាជការនៃអង្គភាពចំណុះ ក.ប.ទ. អំពីសារៈសំខាន់ និងគោលការណ៍គ្រឹះនៃកិច្ចការពារទិន្នន័យបុគ្គល ព្រមទាំងខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការ ក.ប.ទ. បានមានប្រសាសន៍លើកឡើងថា បរិវត្តកម្មឌីជីថលទាមទារឱ្យមន្ត្រីរាជការត្រូវតែផ្លាស់ប្តូរផ្នត់គំនិត និងខិតខំអភិវឌ្ឍសមត្ថភាពជាប្រចាំ ដើម្បីដើរឱ្យទាន់ការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា សិក្ខាសាលានេះគឺជាវេទិកាដ៏មានសារៈសំខាន់ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹង”កិច្ចការពារទិន្នន័យបុគ្គល” ដែលជាមូលដ្ឋានគ្រឹះនៃសុវត្ថិភាពក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថល។ ក្នុងនោះដែរ វគ្គបណ្តុះបណ្តាលនឹងផ្តោតសំខាន់លើប្រធានបទគន្លឹះចំនួន ៣ ដែលបង្ហាញដោយវាគ្មិនជំនាញរួមមាន៖ (១). ទិន្នន័យបុគ្គល និងការធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គល (២). ប្រធានទិន្នន័យ និងសិទ្ធិរបស់ប្រធានទិន្នន័យ និង (៣). បុគ្គលគ្រប់គ្រងទិន្នន័យ និងបុគ្គលធ្វើប្រព្រឹត្តកម្មទិន្នន័យ។

ក្នុង មតិបិទសិក្ខាសាលា ឯកឧត្តម ម៉ុក រ៉ាឌី អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល បានមានប្រសាសន៍ថា៖ “កិច្ចការពារទិន្នន័យបុគ្គល គឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តរបស់គ្រប់ភាគីពាក់ព័ន្ធក្នុង ដំណើរ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយចីរភាព។ ដូច្នេះ យើងត្រូវស្វែងរកតុល្យភាពឱ្យបានត្រឹមត្រូវ រវាងការការពារទិន្នន័យ និងការជំរុញនវានុវត្ត ដោយការការពារខ្លាំងពេកអាចបង្ករាំងស្ទះដល់ការច្នៃប្រឌិត ខណៈការការពារខ្សោយអាចនាំឱ្យបាត់បង់ទំនុកចិត្តពីសាធារណជន។ សូម មន្ត្រីរាជការដែលបានរៀនសូត្រថ្ងៃនេះក្លាយជាគំរូល្អក្នុងការចូលរួម កសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលប្រកបដោយទំនុកចិត្ត និងផ្សព្វផ្សាយចំណេះដឹងអំពីកិច្ចការពារទិន្នន័យបុគ្គល ដោយអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ក្នុងការប្រើប្រាស់ ការរក្សាទុក ការចែករំលែក និងការគ្រប់គ្រងទិន្នន័យ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner