អាមេរិកសម្រេចដកទ័ព ៥ពាន់នាក់ ចេញពីអាល្លឺម៉ង់

វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណបាននិយាយ កាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីក្រសួងអាមេរិក លោក Pete Hegseth បានបញ្ជាឱ្យដកកងទ័ពប្រហែល ៥ពាន់នាក់ ចេញពីប្រទេសអាល្លឺម៉ង់ នៅឆ្នាំក្រោយ។

ការប្រកាសនេះ បានធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានគំរាមកំហែង កាលពីដើមសប្តាហ៍នេះ ឲ្យដកទ័ពចេញពីសម្ព័ន្ធមិត្តណាតូ អាល្លឺម៉ង់ ចំពេលមានជម្លោះពាក្យសម្តី ជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជុំវិញសង្រ្គាមរវាងអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងរំពឹងថា ការដកទ័ពនឹងបញ្ចប់ ក្នុងរយៈពេលពី ៦ ទៅ ១២ ខែបន្ទាប់» ។

លោក Trump ខឹងសម្បារជាខ្លាំង បន្ទាប់ពីមេដឹកនាំប្រទេសអាល្លឺម៉ង់ រូបនេះ បាននិយាយ កាលពីថ្ងៃចន្ទថា អ៊ីរ៉ង់កំពុងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន “អាម៉ាស់មុខ” នៅតុចរចា។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥, មានទាហានអាមេរិក នៅប្រទេសអាល្លឺម៉ង់ មានចំនួន ៣ម៉ឺន៦ពាន់៤៣៦នាក់។

ការសម្រេចដកទ័ព ចេញពីអាល្លឺម៉ង់នេះ ធ្វើឡើងនៅមួយថ្ងៃ បន្ទាប់ពីលោក ដូណាល់ ត្រាំ ក៏ពិចារណាកាត់បន្ថយចំនួនកងទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីតាលី និង អេស្ប៉ាញ ផងដែរ ដោយចោទថា ប្រទេសអឺរ៉ុបទាំងនេះថា មិនបានជួយអាមេរិក ធ្វើសង្គ្រាម ប្រឆាំងអ៊ីរ៉ង់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner