អាមេរិក និង វ៉េណេស៊ុយអេឡា ចុះកុងត្រាផលិតប្រេងនិងឧស្ម័ន

ការ៉ាកាស ៖ វ៉េណេស៊ុយអេឡា បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាមេរិក ដើម្បី​បង្កើនការផលិតប្រេង និង ឧស្ម័ន ដែលជាសញ្ញាថ្មីចុងក្រោយមួយទៀត នៃការជួសជុលទំនាក់ទំនង ប្រទេសទាំងពីរ។

ក្រុមហ៊ុនអាមេរិក ពីរ រួមមាន Hunt Overseas Oil និង ក្រុមហ៊ុន Crossover Energy នឹងធ្វើប្រតិបត្តិការ នៅតំបន់ខ្សែក្រវាត់ Orinoco Belt ដែលជាកន្លែងប្រមូលផ្តុំចម្បង នៃធនធានប្រេងបម្រុងរបស់វ៉េណេស៊ុយអេឡា នេះបើតាមកិច្ចព្រមព្រៀង។

នេះគឺជាសញ្ញាថ្មី នៃការជួសជុលទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានចាប់ខ្លួនប្រធានាធិបតី Nicolas Maduro ដល់រដ្ឋធានីការ៉ាកាស កាលពីដើមឆ្នាំ។ វ៉េណេស៊ុយអេឡា កំពុងដឹកនាំ ដោយប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez ដែលធ្លាប់ជាអនុប្រធានាធិបតី ក្រោមរដ្ឋបាល លោក Maduro។ លោក Nicolas Maduro ត្រូវបានយោធាអាមេរិកចាប់ខ្លួន យកទៅទីក្រុងញូវយ៉ក អំឡុងប្រតិបត្តិការវាយលុកដ៏ភ្ញាក់ផ្អើល កាលពីថ្ងៃទី៣ ខែមករា។

វ៉េណេស៊ុយអេឡា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងពហុជាតិចម្រុះជាច្រើន មានតាំងពីក្រុមហ៊ុន Chevron, Eni និង Repsol បន្ទាប់ពីការធ្វើកំណែទម្រង់ ដើម្បីបើកចំហវិស័យថាមពលរបស់ខ្លួន។ កាលពីថ្ងៃព្រហស្បតិ៍ អាមេរិក និង វ៉េណេស៊ុយអេឡា ក៏បានដំណើរការជើងហោះហើរត្រង់ឡើងវិញ ក្រោយខកខាន រយៈពេល ៧ ឆ្នាំ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner