រុស្ស៊ី រំពឹងបានចំណូលប្រេងបន្ថែម ជាង២ពាន់លានដុល្លារ ចំពេលឡើងថ្លៃ
មូស្គូ ៖ រុស្ស៊ី រំពឹងថា នឹងអាចរកចំណូលថវិកាបន្ថែម ជាង២ពាន់លានដុល្លារ ចំពេលតម្លៃប្រេងកើនឡើង នេះបើតាមការបញ្ជាក់ របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បាននិយាយថា រុស្ស៊ីនឹងទទួលបានប្រាក់បន្ថែមប្រហែល ២០០ ពាន់លានរូប្លែ ឬ ២.៦៦ពាន់លានដុល្លារ ដោយសារតែការកើនឡើង នៃ តម្លៃប្រេង។
លោក បាននិយាយ នៅក្នុងបទសម្ភាសន៍ ជាមួយកាសែត Vesti ថា «យើងរំពឹង បានប្រាក់ចំណូលបន្ថែម ។ ប៉ុន្តែ ខ្ញុំគួរតែចង្អុលបង្ហាញឱ្យត្រង់ថា កម្រិតនៃប្រាក់ចំណូល ក្នុងរយៈពេលពីរខែ ចុងក្រោយនេះ គឺផលបូកបន្ថែម ប្រហែល ២០០ ពាន់លានរូប្លែ»។
រុស្ស៊ីបានបង្កើនប្រាក់ចំណូលនាំចេញប្រេងរបស់ខ្លួន ស្ទើរតែទ្វេដង នៅក្នុងខែមីនា បើធៀបនឹងខែកុម្ភៈដោយសារតែការកើនឡើងតម្លៃ ដែលបណ្តាលមកពីការបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និង អ៊ីស្រាអែល នេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ ដោយមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត របស់ហ្វាំងឡង់ ហៅកាត់ CREA។
បើតាម Telesure, កាលពីសប្តាហ៍មុន ប្រេងឆៅម៉ាក brent បានកើនឡើង ៣.១០% ពោលគឺដល់ ១០៥.០៧ ក្នុងមួយបារ៉ែល កាលពីថ្ងៃព្រហស្បតិ៍ នៅឯការបិទវគ្គជួញដូរ នៅក្នុងទីផ្សារ ទីក្រុងឡុងដ៍ ដែលជាតម្លៃខ្ពស់បំផុតមួយ ក្នុងប៉ុន្មានខែ ថ្មីៗនេះ និង ឆ្លុះបញ្ចាំងពីការខ្វះទំនុកចិត្ត លើដំណោះស្រាយឆាប់រហ័ស ចំពោះការបិទច្រកសមុទ្រ Hormuz ៕
ប្រភពពី Tass, Telesure ប្រែសម្រួល ៖ សារ៉ាត
