អ៊ីរ៉ង់ ព្រមានថា ផែនការគ្រប់គ្រងច្រកសមុទ្រ Hormuz របស់អាមេរិក គឺជាការរំលោភបទឈប់បាញ់
តេហេរ៉ង់ ៖ សមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់មួយរូប នៅថ្ងៃ ចន្ទ នេះ បានស្រែកគំរាមខ្លាំងៗថា រាល់ផែនការប្រកបដោយមហិច្ឆតាណាមួយរបស់សហរដ្ឋអាមេរិក ក្នុងការប៉ុន់ប៉ងត្រួតត្រាលើការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz នឹងក្លាយជាការរំលោភលើបទឈប់បាញ់ ។
ការអះអាងនេះ ធ្វើឡើងក្រោយមានរបាយការណ៍ថា ទីបញ្ជាការកណ្តាលអាមេរិក (Centcom) គ្រោងដាក់ពង្រាយនាវាចម្បាំងបំពាក់មីស៊ីលនាំផ្លូវ យន្តហោះចម្បាំងជាង ១០០ គ្រឿង កងយន្តហោះគ្មានមនុស្សបើក និងទាហានប្រហែល ១៥,០០០ នាក់ ដើម្បីការពារនាវាពាណិជ្ជកម្ម ដែលចង់ឆ្លងកាត់ដោយសេរី តាមច្រកសមុទ្រ Hormuz ។
ប្រធានគណៈកម្មការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ លោក Ibrahim Azizi និយាយថា ការជ្រៀតជ្រែកណាមួយរបស់អាមេរិក ក្នុងការប៉ុនប៉ង់បង្កើតរបបដែនសមុទ្រថ្មី នៃច្រកសមុទ្រ Hormuz នឹងត្រូវចាត់ទុកថា ជាការរំលោភលើបទឈប់បាញ់ ។
តាមរយៈបណ្តាញសង្គម X លោក Azizi ថែមទាំងបានច្រានចោលគំនិតចង់គ្រប់គ្រងដែនសមុទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ដោយនិយាយថា ច្រកសមុទ្រ Hormuz និងឈូងសមុទ្រពែរ្ស មិនគួរស្ថិតក្រោមការត្រួតត្រា ដោយគ្រាន់តែការបង្ហោះសារបោកប្រាស់របស់លោក Donald Trump ទេ ។
ការអត្ថាធិប្បាយនេះ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Trump បាននិយាយកាលពីថ្ងៃ អាទិត្យ ថា សហរដ្ឋអាមេរិកនឹងចាត់វិធានការ ដើម្បីណែនាំឱ្យនាវាដឹកទំនិញ ដែលជាប់គាំងនៅច្រកសមុទ្រ Hormuz ចេញពីផ្លូវទឹកដែលមានការរឹតបន្តឹងដោយសុវត្ថិភាព ។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social លោក Trump បានពិពណ៌នាអំពីចលនានេះថា ជា “កាយវិការមនុស្សធម៌” ដែលមានគោលបំណងជួយប្រទេសអព្យាក្រឹត ដែលមិនពាក់ព័ន្ធនឹងសង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

