រដ្ឋមន្ត្រីបរិស្ថានជំរុញរោងចក្រសហគ្រាសបង្កើនការគ្រប់គ្រងសំរាម និងសំណល់រឹងឱ្យបានត្រឹមត្រូវ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំឱ្យបណ្តារោងចក្រ សហគ្រាសនានាបន្តយុទ្ធនាការកាត់បន្ថយ កំណត់ទីតាំង និងញែកសំរាម សំណល់រឹង-ប្លាស្ទិក នៅតាមមូលដ្ឋាន ឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់អនាម័យ សោភ័ណភាព និងសុខភាពសាធារណៈ ឆ្ពោះទៅរកកម្ពុជាស្អាត និងមានចីរភាព។

ឯកឧត្តមបានជំរុញបែបនេះនៅក្នុងឱកាសអញ្ជើញចុះពិនិត្យផលិតកម្ម និងកាអនុវត្តបទដ្ឋានបរិស្ថាន នៅរោងចក្រផលិតកាបូប D’Luxe International នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ក្រុមហ៊ុនរៀបចំការទុកដាក់សំរាម សំណល់រឹង ឲ្យបានកាន់តែល្អប្រសើរទៀត តាមរយៈការចូលរួមសហការល្អ ជាមួយក្រុមហ៊ុនផ្តល់សេវា និងជាមួយសមាគម អង្គការសង្គមស៊ីវិល ដែលធ្វើការលើផែ្នកសម្អាតបរិស្ថាន ដើម្បីប្រមូលសំរាម សំណល់រឹង ចេញពីរោងចក្រឲ្យបានទៀងទាត់ ទាន់ពេលវេលា ដើម្បីរក្សាភាពស្អាតនៅក្នុងរោងចក្រតែម្ដង។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងការអបអរសាទរចំពោះរោងចក្រ ដែលបានអនុវត្តបទដ្ឋានបច្ចេកទេសបរិស្ថានបានល្អ បង្កើតបរិយាកាសនៅកន្លែងធ្វើការល្អ មានផាសុកភាព ហើយបានអនុវត្តបទដ្ឋានគតិយុត្តទាំងឡាយរបស់កម្ពុជា ហើយកន្លងមកផលិតផលចេញពីកម្ពុជាមានស្តង់ដារអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងបណ្តារោងចក្រសហគ្រាស ដើម្បីធ្វើយ៉ាងណា បង្កើនភាពបៃតងនៅក្នុងរោងចក្រ តាមរយៈការពិចារណាប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាការប្រើប្រាស់អុសផលិតចេញពីស្មៅយក្ស (King Grass) ដើម្បីធ្វើជាជីវម៉ាស់ ដែលអាចប្រើប្រាស់សម្រាប់ឡចំហុយផងដែរ។

លើសពីនេះ ឯកឧត្តម លើកទឹកចិត្តឱ្យម្ចាស់ក្រុមហ៊ុន និងរោងចក្រ សហគ្រាស ប្រើប្រាស់អគ្គិសនី ដើរដោយថាពលពន្លឺព្រះអាទិត្យនៅលើដំបូល ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការបញ្ចេញកាបូនពីរោងចក្រ ក៏ដូចជាការចូលរួមចំណែក ជំរុញថាមពលបៃតងនៅកម្ពុជា។

តាមរយៈទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុន និងរោងចក្រនានាបន្តរក្សាស្តង់ដារបរិស្ថានខ្ពស់ ជាពិសេសរៀបចំទុកដាក់ សំរាម សំណល់រឹង សំណល់រាវឱ្យបានត្រឹមត្រូវ ដើម្បីជំរុញភាពស្អាត ភាពបៃតង និងឱ្យមានចីរភាពនៅកម្ពុជាតរៀងទៅ៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា



