មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺករណីការចុះអនុវត្តច្បាប់រុះរើសំណង់ខុសច្បាប់ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ

ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តកោះកុង សូមធ្វើការបំភ្លឺជូនសាធារណជណមេត្តាជ្រាប ករណីការចុះអនុវត្តច្បាប់រុះរើសំណង់ខុសច្បាប់ ទន្រ្ទានកាន់កាប់ដីព្រៃ នៅចំណុចជ្រោះដំណាក់ក្បូន ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្រ្ត ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

មន្ទីរបរិស្ថានខេត្តកោះកុងបានបានបញ្ជាក់ថា តំបន់ទឹកជ្រោះដំណាក់ក្បូន ជាគម្របព្រៃឈើ ស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាតំបន់ការពារធម្មជាតិ និងមិនមានការសង់ខ្ទម ឬការតាំងទីលំនៅនៅទីនោះទេ។ ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ ជនខិលខូចមួយចំនួន បានចូលទន្ទ្រានកាន់កាប់ដីព្រៃ និងសង់សំណង់ខុសច្បាប់រួមមាន ខ្ទម និងតូបលក់ដូរចំនួន ២៥តូប រោងលម្ហែចំនួន ៧៦រោង និងបន្ទប់ទឹកចំនួន ២កន្លែង (៤បន្ទប់) ជាបន្តបន្ទាប់។

កន្លងមកានេះ រដ្ឋបាលស្រុកមណ្ឌលសីមា បានចេញសេចក្តីជូនដំណឹងចំនួន ៣លើក ឱ្យរុះរើដោយស្ម័គ្រចិត្តជាបន្ទាន់នូវតូបលក់ដូរ និងខ្ទម នៅទីតាំងដំណាក់ក្បូន និងតាមដងផ្លូវជាតិលេខ១០ និងបានចុះផ្សព្វផ្សាយអំពីច្បាប់បទដ្ឋានគតិយុត្តដល់តំណាងប្រជាពលរដ្ឋ ដែលបានចូលទន្ទានកាន់កាប់ដីចំនួន២លើករួចមកហើយដែរ។ ប្រជាពលរដ្ឋមួយចំនួន ក៏បានរុះរើចេញដោយស្ម័គ្រចិត្ត ក៏ប៉ុន្តែនៅមានជនខិលខូចរឹងរូសមួយចំនួនតូចប៉ុណ្ណោះ មិនព្រមរុះរើ និងចាកចេញ ដោយសំអាងមានមេក្លោងនៅពីក្រោយ។

ដូចគ្នាដែរនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយគណៈបញ្ជាការឯកភាព ស្រុកមណ្ឌលសីមា បន្តចុះអនុវត្តច្បាប់ធ្វើការរុះរើសំណង់ខុសច្បាប់ទាំងនោះ និងចាត់វិធានការចំពោះមេក្លោង ឱ្យបញ្ឈប់បោកប្រាស់ប្រជាពលរដ្ឋ មកតាំងទីលំនៅខុសច្បាប់តទៅទៀត។ គួរបញ្ជាក់ថា ការទន្ទ្រាន កាន់កាប់ដីព្រៃក្នុងតំបន់ការពារធម្មជាតិ គឺត្រូវរងការផ្តន្ទាទោសតាមមាត្រា ៨៥១ ចំណុច(ច) នៃក្រមបរិស្ថាន និងធនធានធម្មជាតិ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner