អ៊ីស្រាអែល ថា ត្រៀមគ្រប់សេណារីយ៉ូ ចាត់ការលើអ៊ីរ៉ង់

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយ កាលពីថ្ងៃពុធថា ប្រទេសរបស់លោក រៀបចំគ្រប់សេណារីយ៉ូ ក្នុងការចាត់ការ លើប្រទេសអ៊ីរ៉ង់។

លោក Netanyahu បាននិយាយ តាមរយៈវីដេអូ ដែលបានចេញផ្សាយ នៅពេលចាប់ផ្តើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខថា «យើងបានត្រៀមខ្លួន សម្រាប់គ្រប់សេណារីយ៉ូ ហើយទាំងនោះ គឺជាការណែនាំ ដែលខ្ញុំបានផ្តល់ដល់កងទ័ព និងសេវាសន្តិសុខរបស់យើង»។

ការលើកឡើង របស់លោក Netanyahu បែបនេះ ធ្វើឡើង នៅ១ថ្ងៃ បន្ទាប់ពី មេបញ្ជាការកងទ័ពអាកាសអ៊ីស្រាអែល លោកឧត្តមសេនីយ៍ឯក Omer Tischler បានព្រមានធ្ងន់ៗ ថា អ៊ីស្រាអែលត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ពង្រាយកងយន្តហោះចម្បាំងទាំងមូលប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើចាំបាច់ ចំពេលមានភាពតានតឹង ក្នុងតំបន់កើនឡើង ឡើងវិញ ។

បើតាម Tass, សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាម ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ អ៊ីរ៉ង់ អះអាងថា ប្រជាជនរបស់ខ្លួន ចំនួន៣ពាន់៣៧៥នាក់ ត្រូវបានសម្លាប់ អំឡុងពេល ៤០ ថ្ងៃ នៃការប្រយុទ្ធគ្នា។

នៅថ្ងៃទី៧ ខែមេសា ប្រធានាធិបតីអាមេរិកបានប្រកាសបទឈប់បាញ់គ្នា រយៈពេលពីរសប្តាហ៍ ជាមួយសាធារណរដ្ឋអ៊ីស្លាម។ ក្រោយមក គណៈប្រតិភូប្រទេសគូជម្លោះទាំងពីរបានជួបពិភាក្សាគ្នា នៅប្រទេសប៉ាគីស្ថាន ប៉ុន្តែ មិនបានសម្រេចកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយរយៈពេលវែង ដោយសារតែភាពខ្វែងគំនិតគ្នា មួយចំនួន។

កាលពីថ្ងៃទី២១ ខែមេសា ប្រធានាធិបតីអាមេរិកបានប្រកាសផែនការ បន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់។ ប៉ុន្តែ ទូរទស្សន៍រដ្ឋ អ៊ីរ៉ង់ បានរាយការណ៍ថា ទីក្រុងតេហេរ៉ង់ មិនមានបំណងទទួលស្គាល់ការពន្យារពេលបទឈប់បាញ់ ជាឯកតោភាគី ដែលប្រកាស ដោយសារទីក្រុងវ៉ាស៊ីនតោន នោះទេ ហើយបន្តធ្វើសកម្មភាព ស្របតាមផលប្រយោជន៍របស់ខ្លួន៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner