អាមេរិក ថា ចង់មានអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ទីក្រុងវ៉ាស៊ីនតោនមានបំណងចង់ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអ៊ីរ៉ង់ នាពេលខាងមុខ នេះបើតាមការអះអាង របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ។

អំឡុងសន្និសីទសារព័ត៌មាន នៅឯសេតវិមាន កាលពីថ្ងៃអង្គារ, លោក ប្រមុខកាទូត Marco Rubio បាននិយាយថា សហរដ្ឋអាមេរិករំពឹងពីការឈានដល់កិច្ចព្រមព្រៀង ជាមួយអ៊ីរ៉ង់ តាមរយៈការបង្កើត MOU មួយ ជាមួយគ្នា។

លោកអះអាងថា ប្រតិបត្តិការយោធាវាយលុកអ៊ីរ៉ង់ ដែលធ្លាប់ធ្វើជាមួយអ៊ីស្រាអែល Epic Fury គឺបានបញ្ចប់ហើយ ដោយលោកលើកហេតុផលថា អាមេរិក សម្រេចបាននូវគោលដៅគ្រប់គ្រាន់ពីប្រតិបត្តិការបែបនេះ ដូច្នេះ ទីក្រុងវ៉ាស៊ីនតោន មិនលើកទឹកចិត្តឱ្យមានបន្ថែមទៀត នោះទេ ខណៈដែលលោកប្រាប់ថា អាមេរិកចូលចិត្តផ្លូវនៃសន្តិភាព។

លោក Marco Rubio បានរៀបរាប់ថា «អ្វីដែលលោកប្រធានាធិបតីចង់បាន គឺកិច្ចព្រមព្រៀង…គាត់ចង់អង្គុយចុះអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ការចរចា នាពេលអនាគត ដែលផ្តោតលើប្រធានបទសំខាន់ៗទាំងអស់ ដែលត្រូវដោះស្រាយ, ការបើកចំហពេញលេញនៃច្រកទ្វារ ដើម្បីឱ្យពិភពលោក អាចត្រលប់ទៅរកភាពប្រក្រតីឡើងវិញ»។

បើតាម Tass, សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាម ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ អ៊ីរ៉ង់ អះអាងថា ប្រជាជនរបស់ខ្លួន ចំនួន ៣ពាន់៣៧៥នាក់ ត្រូវបានសម្លាប់ អំឡុងពេល ៤០ ថ្ងៃ នៃការប្រយុទ្ធគ្នា។

នៅថ្ងៃទី៧ ខែមេសា ប្រធានាធិបតីអាមេរិកបានប្រកាសបទឈប់បាញ់គ្នា រយៈពេលពីរសប្តាហ៍ ជាមួយសាធារណរដ្ឋអ៊ីស្លាម។ ក្រោយមក គណៈប្រតិភូប្រទេសគូជម្លោះទាំងពីរបានជួបពិភាក្សាគ្នា នៅប្រទេសប៉ាគីស្ថាន ប៉ុន្តែ មិនបានសម្រេចកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយរយៈពេលវែង ដោយសារតែភាពខ្វែងគំនិតគ្នា មួយចំនួន។

កាលពីថ្ងៃទី២១ ខែមេសា ប្រធានាធិបតីអាមេរិកបានប្រកាសផែនការ បន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់។ ប៉ុន្តែ ទូរទស្សន៍រដ្ឋ អ៊ីរ៉ង់ បានរាយការណ៍ថា ទីក្រុងតេហេរ៉ង់ មិនមានបំណងទទួលស្គាល់ការពន្យារពេលបទឈប់បាញ់ ជាឯកតោភាគី ដែលប្រកាស ដោយសារទីក្រុងវ៉ាស៊ីនតោន នោះទេ ហើយនឹងធ្វើសកម្មភាព ស្របតាមផលប្រយោជន៍របស់ខ្លួន៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner