អង្គការសហប្រជាជាតិដើម្បីបរិស្ថានបញ្ជាក់អំពីការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យធនធានធម្មជាតិនិងអាកាសធាតុ
ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិដើម្បីបរិស្ថានឬ យូអិនអ៊ីភី (UNEP)ប្រចាំតំបន់ បានបញ្ជាក់អំពីបន្តគាំទ្រកម្ពុជាដើម្បីលើកកម្ពស់ ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ទប់ស្កាត់ការបំពុលដើម្បីនិរន្តរភាពបរិស្ថាន និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
នៅទីស្តីការក្រសួងកាលពីថ្ងៃទី៦ ខែឧសភាក្រសួងលោកស្រី ដេចិន សេរីង (Dechen Tsering )នាយកនិងជាតំណាងអង្គការ UNEPប្រចាំតំបន់សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក បានអញ្ជើញសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ។
ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាក់ជូនភ្ញៀវអំពីគម្រោងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជាកំពុងទទួលបានជោគជ័យ ដោយសារមានអ្នកចូលរួមជាង១៤លាននាក់ គិតត្រឹមឆ្នាំ២០២៦នេះ ដែលបានប្តេជ្ញាចិត្តឈប់ប្រើថង់ប្លាស្ទិកជាបណ្តើរៗ។
ឯកឧត្តមបានបន្តថា កន្លងមកក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការ និងយុទ្ធនាការជាច្រើន ដើម្បីជំរុញឱ្យមានភាពស្អាត និងចូលរួមទប់ស្កាត់ការបំពុលបរិស្ថាន ទាំងក្នុងទឹក លើដី និងលើមេឃ ដើម្បីបង្កើនភាពធន់នឹង ការប្រែប្រួលអាកាសធាតុសម្រាប់ សហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា។គម្រោងសហប្រតិបត្តិការបន្តទៀតគឺជំរុញការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន ដោយផ្សារភ្ជាប់ការអភិរក្សធនធានធម្មជាតិ តាមរយៈការប្រែក្លាយសក្តានុពលធម្មជាតិ ទៅជាគោលដៅលំហែបៃតង និងអេកូទេសចរណ៍ និងការលើកកម្ពស់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។
ចំណែកលោកស្រី ដេចិន សេរីង (Dechen Tsering )បានវាយតម្លៃខ្ពស់ចំពោះក្រសួងបរិស្ថាន ដែលបានសហការល្អ លើកិច្ចសហការលើផ្នែកបរិស្ថាន និងធនធានធម្មជាតិ ជាពិសេសបានអនុវត្តសកម្មភាពជំរុញ លើការកាត់បន្ថយប្លាស្ទិក, ការគ្រប់គ្រងការបំពុលបរិស្ថាន ការការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងឆ្លើយតបនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ។លោកស្រីបានបញ្ជាក់អំពីការគាំទ្រ ការពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រងគុណភាពខ្យល់ និងសារធាតុគីមី ការអភិរក្សជីវៈចម្រុះ និងផែនការសកម្មភាព ពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា៕







ដោយ៖ង៉ាន ទិត្យ
រូបភាព៖រិន រចនា