កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី

នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ដែលបានផ្ញើលិខិតអបអរសាទរ ក្នុងឱកាសដែលឯកឧត្តមត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាមលើគ្រប់វិស័យ និងបានគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀតនៅពេលអនាគត។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម Le Minh Hung ក៏បានអញ្ជើញសម្ដេចធិបតី បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ជាថ្មីម្ដងទៀត។

ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជានិងវៀតណាម ទាំងក្នុងក្របខណ្ឌរដ្ឋាភិបាល ក្របខណ្ឌគណបក្ស និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា ឆ្នាំ២០២៧ ខាងមុខ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានប្រគល់ភារកិច្ចជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសហការរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០នេះឱ្យបានល្អប្រសើរ។ សម្ដេចធិបតីក៏បានគូសបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបន្តដាក់ចេញវិធានការបន្ថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់គោលដៅ ២០ ប៊ីលានដុល្លារអាមេរិក និងបានស្នើវិនិយោគិនវៀតណាមបន្តមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។ សម្ដេចធិបតីបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពន្លឿនការកំណត់ទីតាំងតភ្ជាប់រវាងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ។ បន្ថែមលើនេះ សម្ដេចធិបតីបានជំរុញឱ្យមានការសម្រួលនីតិវិធីគយ និងអន្តោប្រវេសន្ត៍ នៅតាមច្រកព្រំដែនឱ្យមានភាពសាមញ្ញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន និងការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ។

ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានពិភាក្សាលើគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សន្ដិសុខ និងការពារជាតិ, សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner