ការបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាហាក់រសាត់ឆ្ងាយ ខណៈអ៊ីរ៉ង់គំរាមវាយទីតាំងអាមេរិក
តេហេរ៉ង់ ៖ ការបញ្ចប់សង្គ្រាមមជិ្ឈមបូព៌ាហាក់រសាត់ឆ្ងាយ ចំពេលដែលកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កាលពីថ្ងៃ សៅរ៍ បានគំរាមវាយប្រហារទីតាំងនានារបស់សហរដ្ឋអាមេរិក បើសិនកប៉ាល់ដឹកប្រេងរបស់ខ្លួនស្ថិតក្រោមការគំរាមកំហែង ។
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមានធ្ងន់ៗថា រាល់ការវាយប្រហារណាមួយលើកប៉ាល់ដឹកប្រេង និងនាវាពាណិជ្ជកម្មរបស់អ៊ីរ៉ង់ នោះនឹងទទួលបានការសងសឹកវិញយ៉ាងធ្ងន់ធ្ងរទៅលើទីតាំងឈរជើងរបស់អាមេរិកនៅក្នុងតំបន់ និងកប៉ាល់ដឹកទំនិញរបស់សត្រូវ ។
ការបោះសម្តីសម្លុតគំរាមចុងក្រោយនេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើកប៉ាល់ដឹកប្រេងរបស់អ៊ីរ៉ង់ចំនួន ២ គ្រឿងនៅឈូងសមុទ្រអូម៉ង់ និងស្របពេលដែលលោកប្រធានាធិបតី Donald Trump កំពុងរង់ចាំការឆ្លើយតបពីទីក្រុងតេហេរ៉ង់ ចំពោះសំណើរកិច្ចព្រមព្រៀងសន្តិភាពរបស់ទីក្រុងវ៉ាស៊ីនតោន ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ការកើនឡើងភាពតានតឹងថ្មីៗនេះ ដោយកងកម្លាំងអាមេរិកនៅឈូងសមុទ្រពែរ្ស និងសកម្មភាពជាច្រើនទៀតរបស់ពួកគេ ក្នុងការរំលោភលើបទឈប់បាញ់ បានបន្ថែមការសង្ស័យអំពីការតាំងចិត្តរបស់ភាគីអាមេរិកក្នុងមាគ៌ាការទូត ។
បើតាម Straits Times, ស្ថានភាពសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គិតត្រឹមខែឧសភានេះ នៅតែមានភាពតានតឹងខ្លាំង និងមិនទាន់អាចបញ្ចប់បានឡើយ ដោយសារភាគីជម្លោះទាំងពីរ នៅតែបន្តវាយលុកសងសឹកគ្នាទៅវិញទៅមក ។ ទោះបីជាមានសម្ពាធផ្នែកសេដ្ឋកិច្ចពីអាមេរិកក៏ដោយ អ៊ីរ៉ង់នៅតែបង្ហាញជំហររឹងរូស និងមានសមត្ថភាពអាចទប់ទល់បានក្នុងរយៈពេលជាច្រើនខែទៀត ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា