ឥណ្ឌា រំពឹងទទួលបានប្រព័ន្ធមីស៊ីល S-400 ឈុតទី ៤ ពីរុស្ស៊ី ក្នុងខែនេះ
ញូវដែលី ៖ ប្រទេសឥណ្ឌាប្រកាសថា ការដឹកជញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ឈុតទី ៤ របស់ប្រទេសរុស្ស៊ី នឹងបញ្ជូនមកដល់ក្នុងខែនេះ ដែលវាជាផ្នែកមួយនៃកិច្ចព្រមព្រៀងមានតម្លៃ ៥.៤៣ ពាន់លានដុល្លារ ។

ប្រទេសឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងឆ្នាំ ២០១៨ ដើម្បីទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ចំនួន ៥ ឈុត ដែលជាអាវុធប្រឆាំងយន្តហោះទំនើបបំផុតមួយរបស់រុស្ស៊ី ដើម្បីបំពាក់ដល់កវរសេនាធំរបស់ខ្លួន ។
ប្រព័ន្ធ S-400 មានសមត្ថភាពស្ទាក់ចាប់គោលដៅក្នុងចម្ងាយរហូតដល់ ៦០០ គីឡូម៉ែត្រ និងអាចបាញ់កម្ទេចគោលដៅបានចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ ។
យោងតាមអនុប្រធានសេនាធិការកងទ័ពអាកាសឥណ្ឌា លោក Awadhesh Kumar Bharti, ប្រព័ន្ធ S-400 បានឆ្លងកាត់ការត្រួតពិនិត្យបច្ចេកទេសរួចរាល់កាលពីពាក់កណ្តាលខែមេសា ហើយគ្រោងនឹងដឹកមកដល់ឥណ្ឌា ក្នុងកំឡុងខែឧសភា នេះ ។
ចំណែកប្រព័ន្ធ S-400 ឈុតទី៥ ដែលជាឈុតចុងក្រោយនៃកិច្ចព្រមព្រៀងឆ្នាំ ២០១៨ នឹងត្រូវដឹកជញ្ជូនមកដល់ប្រទេសឥណ្ឌា ប្រហែលជាខែវិច្ឆិកា ឆ្នាំ ២០២៦ខាងមុខ ។
ទន្ទឹមគ្នា ក្រសួងការពារជាតិឥណ្ឌា កាលពីខែកុម្ភៈ ក៏បានអនុម័តកញ្ចប់ថវិកាប្រមាណ ១,១ ពាន់លានដុល្លារ ដើម្បីទិញគ្រាប់មីស៊ីលបន្ថែមចំនួន ២៨៨ គ្រាប់ ក្នុងនោះរួមមានមីស៊ីលរយៈចម្ងាយខ្លីចំនួន ១២០ គ្រាប់ និងរយៈចម្ងាយឆ្ងាយចំនួន ១៦៨ គ្រាប់ សម្រាប់បំពាក់បន្ថែមលើប្រព័ន្ធ S-400 នេះបើតាម Military Watch Magazine ។
បន្ថែមលើនេះ ឥណ្ឌា ក៏បានអនុម័តរួចហើយ នូវការបញ្ជាទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីចំនួន ៥ ឈុតថែមទៀត ពីរុស្ស៊ី ដែលធ្វើឱ្យចំនួនសរុបកើនដល់ ២០ ឈុត ។ បើតាម RT, ប្រហែល ៦០ ភាគរយ នៃគ្រឿងសព្វាវុធយោធាបច្ចុប្បន្នរបស់ប្រទេសឥណ្ឌា មកប្រភពមកពីប្រទេសរុស្ស៊ី ៕
ប្រភព ៖ RT និង Military Watch Magazine ប្រែសម្រួល ៖ ឈឹម ទីណា
