អង់គ្លេស-បារាំងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ៤០ប្រទេស រំដោះច្រក ហ័រមូស ស្អែកនេះ
ឡុងដ៍ ៖ អង់គ្លេស និង បារាំង នៅថ្ងៃអង្គារ ទី១២ ឧសភា ស្អែកនេះ នឹងរៀបចំកិច្ចប្រជុំពហុជាតិ នៃ រដ្ឋមន្ត្រីការពារជាតិ ៤០ប្រទេស ស្តីពីផែនការយោធា ដើម្បីស្តារលំហូរពាណិជ្ជកម្ម តាមរយៈច្រកសមុទ្រ ហ័រមូស នេះបើតាមការបញ្ជាក់ របស់រដ្ឋាភិបាលទីក្រុងឡុងដ៍។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអង់គ្លេស ចេញផ្សាយ កាលពីថ្ងៃអាទិត្យ រៀបរាប់ ថា «លោក រដ្ឋមន្ត្រីការពារជាតិ John Healey នឹងធ្វើជាសហប្រធាន នៃកិច្ចប្រជុំជាង ៤០ ប្រទេស រួមជាមួយនឹងសមភាគីបារាំង សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ លើកដំបូង របស់បេសកកម្ម ចម្រុះជាតិសាសន៍» ។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Healey បាននិយាយថា «យើងកំពុងប្រែក្លាយកិច្ចព្រមព្រៀងការទូត ទៅជាផែនការយោធាជាក់ស្តែង ដើម្បីស្តារទំនុកចិត្តឡើងវិញ សម្រាប់ការដឹកជញ្ជូន តាមរយៈច្រកសមុទ្រ Hormuz»។
បើតាម CNA, កិច្ចប្រជុំនេះត្រូវកើតឡើង ចំពេលដែលបារាំង និងអង់គ្លេស បញ្ជូននាវាចម្បាំង ទៅកាន់តំបន់មជ្ឈិមបូព៌ា។
ប្រទេសបារាំងបានបញ្ជូននាវាផ្ទុកយន្តហោះ ដើរដោយថាមពលនុយក្លេអ៊ែរ Charles de Gaulle ទៅកាន់តំបន់នេះ ហើយ ចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍ បាននិយាយថា ខ្លួននឹងកំពុងបញ្ជូននាវាពិឃាត HMS Dragon ទៅកាន់ទីនោះ ផងដែរ៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត
