លោក ត្រាំ អួតថា អាមេរិកចាយពេល ២ សប្តាហ៍ប៉ុណ្ណោះ គោលដៅអ៊ីរ៉ង់នឹងខ្ទេចទាំងអស់
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានថ្លែងបែបអំនួតថា យោធាអាមេរិកចាយពេលត្រឹមតែ ២ សប្តាហ៍ប៉ុណ្ណោះ ដើម្បីវាយប្រហារគ្រប់គោលដៅទាំងអស់ទូទាំងប្រទេសអ៊ីរ៉ង់ ហើយលោកថែមទាំងអះអាងថា សាធារណរដ្ឋអ៊ីស្លាមមួយនេះ បាន “ដួលរលំផ្នែកយោធា” រួចហើយ ។
ការអះអាងបែបនេះរបស់លោក Trump ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានឆ្លើយតបទៅនឹងសំណើចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក ស្តីពីការបញ្ចប់សង្គ្រាម ដែលចាប់ផ្តើមកាលពីចុងខែកុម្ភៈ បង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ។
នៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកកាសែតឯករាជ្យ Sharyl Attkisson កាលពីសប្តាហ៍មុន មេដឹកនាំអាមេរិករូបនេះ ថែមទាំងបានហៅអង្គការណាតូសាជាថ្មីទៀតថា ជា «ខ្លាក្រដាស» និងបានចោទប្រកាន់សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនថា មិនបានជួយក្នុងយុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់ ។
សង្គ្រាមអ៊ីរ៉ង់ បានក្លាយជាដើមចងបង្កើតភាពតានតឹង រវាងរដ្ឋបាលរបស់លោក Trump និងដៃគូណាតូអឺរ៉ុប ដែលបានបង្កើនសំណួរអំពីអនាគតរបស់ណាតូ ។ ក្នុងនោះរួមមានការរិះគន់របស់អាមេរិកចំពោះអឺរ៉ុប ជុំវិញការចំណាយលើវិស័យការពារជាតិ និងបញ្ហាគោលនយោបាយអន្តោប្រវេសន៍ ។
ជាពិសេស ជម្លោះពាក្យសម្តីរវាងអាមេរិក និងអាល្លឺម៉ង់ ព្រមទាំងប្រទេសអឺរ៉ុបផ្សេងទៀត ដែលបានបដិសេធមិនគាំទ្រសង្គ្រាមអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា