អាល្លឺម៉ង់ ចង់ទិញមីស៊ីល Tomahawk ពីសហរដ្ឋអាមេរិក
ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់កំពុងព្យាយាមសាជាថ្មី ដើម្បីតាមទិញមីស៊ីលនាំផ្លូវរយៈចម្ងាយឆ្ងាយបាញ់ចេញពីនាវាចម្បាំង Tomahawk ពីសហរដ្ឋអាមេរិក ទោះបីទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរជួបភាពរង្គោះរង្គើក៏ដោយ នេះបើតាមព័ត៌មាន Financial Times ផ្អែកតាមប្រភពពីក្រុមមន្ត្រីដែលដឹងអំពីយុទ្ធសាស្ត្រលអាល្លឺម៉ង់ ។
មីស៊ីល Tomahawk ដែលផលិតដោយក្រុមហ៊ុន RTX Corp របស់អាមេរិក ជាប្រភេទមីស៊ីលដែលជាធម្មតាបាញ់ចេញពីនាវាចម្បាំង និងអាចវាយប្រហារគោលដៅក្នុងចម្ងាយប្រហែល ១,៥០០ គីឡូម៉ែត្រ ។
បើតាម Financial Times, អាល្លឺម៉ង់សង្ឃឹមថា អាចនឹងបញ្ចុះបញ្ចូលឱ្យរដ្ឋបាលលោក Trump ឱ្យយល់ព្រមលក់មីស៊ីល Tomahawk រួមជាមួយប្រព័ន្ធមីស៊ីល Typhon ។ ប៉ុន្តែភ្លាមៗ ទាំងខាងសេតវិមាន ក្រសួងសង្គ្រាមអាមេរិក និងក្រសួងការពារជាតិអាល្លឺម៉ង់ នៅពុំទាន់ឆ្លើយតបចំពោះការស្នើសុំការអត្ថាធិប្បាយនៅឡើយទេ ។
យ៉ាងណា ស្ថិតក្នុងគោលបំណងជំរុញផែនការនេះឱ្យជោគជ័យ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius មានគម្រោងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីស្ដារឡើងវិញនូវសំណើរបស់ទីក្រុងប៊ែរឡាំង ក្នុងការបញ្ជាក់ទិញមីស៊ីល Tomahawk ។ សំណើបញ្ជាទិញលើកដំបូង ធ្វើឡើងកាលពីខែកក្កដា ឆ្នាំ២០២៥ ។
យោងតាម CNN, រដ្ឋបាលលោក Donald Trump ក៏កំពុងស្នើសុំថវិកាចំនួន ៣ ពាន់លានដុល្លារ ដើម្បីកុម្ម៉ុងទិញមីស៊ីល Tomahawk ជិត ៨០០ គ្រាប់បន្ថែមទៀតដើម្បីបំពេញឃ្លាំងស្តុកអាវុធឡើងវិញផងដែរ បន្ទាប់ពីបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយមួយនេះ ត្រូវប្រើអស់ប្រហែល ៨៥០ គ្រាប់នៅក្នុងជម្លោះជាមួយអ៊ីរ៉ង់ ៕

ប្រភព ៖ The Straits Times និង CNN ប្រែសម្រួល ៖ ឈឹម ទីណា