កម្ពុជាចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសិង្ហបរុរី ជាពិសេសក្នុងវិស័យអធិការកិច្ច
ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពីឯកឧត្តមឯកអគ្គរដ្ឋទូតបានជូនសារតាំងចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ ដែលបានធ្វើឡើងកាលពីថ្ងៃទី១២ឧសភា នៅទីស្តីការក្រសួងអធិការកិច្ច ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តមមឯកអគ្គរដ្ឋទូត ដែលបានមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម សុខ សូកេន បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការជាច្រើនវិស័យរវាងកម្ពុជា និងសិង្ហបុរី ដែលបាននិងកំពុងបន្តរីកចម្រើនយ៉ាងស៊ីជម្រៅលើវិស័យជាច្រើនបន្ថែមទៀត។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីបំណងក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតសិង្ហបរុរី ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ច។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសយើងទាំងពីរឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕








