ក្រោយបាក់ស្រុតច្រាំងទន្លេក្នុងក្រុងកំពង់ចាមក្រុមការងារបច្ចេកទេសក្រសួងធនធានទឹកនិងរដ្ឋបាលខេត្តចុះសិក្សាដើម្បីធ្វើការស្តារនិងជួសជុលឡើងវិញ

កំពង់ចាម៖តបតាមសំណើរសុំកិច្ចអន្តរាគមន៍របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានចាត់ក្រុមការងារបច្ចេកទេស​របស់ក្រសួង សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អាជ្ញាធរមូលដ្ឋាន ចុះសិក្សាលទ្ធភាព ច្រាំងទន្លេបាក់ស្រុត ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដើម្បីធ្វើការស្តារ និងជួសជុលឡើងវិញ។

គួររំលឹកថា ហេតុការណ៍បាក់ស្រុតច្រាំងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ បានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ ច្រាំងទន្លេនេះ បានកសាងតាំងពីឆ្នាំ២០១២ ដោយរដ្ឋបាលខេត្តកំពង់ចាម។ ទំហំនៃការខូចខាត រួមមាន៖ ១) ផ្នែកខាងលើ បាក់ស្រុតការ៉ូឡាបណ្តោយប្រវែង ៧០ម៉ែត្រ ទទឹង ១,១ម៉ែត្រ និងកម្ពស់ចាប់ពី ០,៣ម៉ែត្រ-១,៦ម៉ែត្រ និង២)ផ្នែកខាងក្រោម បាក់ស្រុតបេតុងបណ្តោយប្រវែង ៧០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ក្នុងនោះបញ្ហាប្រឈមប្រវែង ៣៥ម៉ែត្រ កម្ពស់ចាប់ពី ០,១ម៉ែត្រ-០,៣ម៉ែត្រ។ ប៉ុន្តែក្នុងហេតុការណ៍នេះ ពុំបង្កគ្រោះថ្នាក់ដល់មនុស្ស ទេ។

ក្រោយហេតុការណ៍បាក់ស្រុតច្រាំង អាជ្ញាធរខេត្ត បានសហការជាមួយក្រសួងធនធានទឹក និងឧតុនិយមបានដាក់ចេញ​នូវវិធានការ អន្តរាគមន៍ជា​បណ្ដោះ​អាសន្ន ដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេមេគង្គជាបន្តបន្ទាប់ទៀតដោយប្រើប្រាស់​​បាវខ្សាច់(GeoTextile)៕
ដោយ៖លី ពៅ

ads banner