យន្តហោះចម្បាំងអាមេរិក តម្លៃរាប់រយលានដុល្លារចំនួន ៣៩ គ្រឿង ខ្ទេចម៉ត់ក្នុងសង្គ្រាមអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានបាត់បង់យន្តហោះចម្បាំង មានតម្លៃរាប់រយលានដុល្លារដល់ទៅ ៣៩ គ្រឿង ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមជាមួយអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ។
យោងតាមរបាយការណ៍របស់ The War Zone, យន្តហោះចម្បាំងទាំង ៣៩ គ្រឿងរបស់សហរដ្ឋអាមេរិក ត្រូវបានបំផ្លាញ និង ១០ គ្រឿងផ្សេងទៀតរងការខូចខាតក្នុងកម្រិតផ្សេងៗគ្នា ។ កងទ័ពអាកាសអាមេរិកបានធ្វើការហោះហើរជិត ១៣,០០០ លើក ក្នុងអំឡុងពេលមានជម្លោះជាមួយអ៊ីរ៉ង់ ។
ក្រៅពីបាត់បង់យន្តហោះចម្បាំង, គិតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានបំផ្លាញលុយក្នុងហោប៉ៅអស់ ២៩ ពាន់លានដុល្លារហើយ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ខណៈដែលទីបញ្ចប់នៃជម្លោះដ៏ធំនៅមជ្ឈិមបូព៌ាមួយនេះ នៅមិនទាន់រកច្រកចេញឃើញនៅឡើយទេ ។
បើតាម Tass, កាលពីថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ ។ ផ្អែកតាមការអះអាងរបស់ទីក្រុងតេហេរ៉ង់, ចំនួនអ្នកស្លាប់នៅអ៊ីរ៉ង់ កើនឡើងដល់ ៣,៣៧៥ នាក់ បន្ទាប់ពី ៤០ ថ្ងៃនៃការប្រយុទ្ធគ្នា ។
ដោយឡែកកាលពីថ្ងៃទី៧ ខែមេសា មេដឹកនាំអាមេរិកបានប្រកាសបទឈប់បាញ់គ្នារយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់ ។ ក្រោយមក អ៊ីរ៉ង់ និងអាមេរិក បានបើកកិច្ចចរចាជាច្រើនលើកនៅប៉ាគីស្ថាន ប៉ុន្តែបានបរាជ័យ ក្នុងការព្រមព្រៀងលើដំណោះស្រាយរយៈពេលវែង ៕
ប្រភព ៖ The War Zone និង Tass ប្រែសម្រួល ៖ ឈឹម ទីណា
