លោក ត្រាំ ថា លោក ស៊ី ជីនពីង ឯកភាពមិនឲ្យ អ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរក្នុងដៃ

ប៉េកាំង ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយនៅថ្ងៃសុក្រនេះថា លោក ស៊ី ជីនពីង ប្រធានាធិបតីចិនបានបង្ហាញពីការយល់ស្របមិនឲ្យប្រទេសអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ នៅក្នុងដៃនោះឡើយ ។

ការអះអាងរបស់លោក ត្រាំ ធ្វើឡើង បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយលោក ស៊ី ជីនពីង ក្នុងថ្ងៃទីពីរ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ដែលផ្តោតលើ សង្រ្គាមអ៊ីរ៉ង់, បញ្ហាកោះតៃវ៉ាន់ សង្គ្រាមពាណិជ្ជកម្ម និង បញ្ហាផ្សេងៗទៀតជាដើម ។

បើតាមលោក ត្រាំ, លោក លោក ស៊ី ជីនពីង ក៏បានសន្យានឹងមិនបញ្ជូនសម្ភារៈយោធា ទៅជួយដល់អ៊ីរ៉ង់នោះដែរ ។

យ៉ាងណាមិញ លោក ស៊ី ជីនពីង មិនបានធ្វើអត្ថាធិប្បាយណាមួយ លើការពិភាក្សារបស់លោក ជាមួយលោក ត្រាំ អំពីបញ្ហាប្រទេសអ៊ីរ៉ង់នោះទេ តែ ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងពីការខកចិត្ត របស់ទីក្រុងប៉េកាំង ចំពោះសង្គ្រាមអ៊ីរ៉ង់ ។

ក្រសួងការបរទេសចិន បានរៀបរាប់ថា «គ្មានហេតុផលណាមួយដែលសង្គ្រាមមួយនេះត្រូវបន្ត ឲ្យមានទៀតនោះទេ»។

អាមេរិកបានផ្អាកការវាយប្រហាររបស់ខ្លួន លើអ៊ីរ៉ង់ កាលពីខែមុន ប៉ុន្តែ បានចាប់ផ្តើមបិទច្រកសមុទ្រ របស់ប្រទេសឥស្លាមមួយនេះ។ កិច្ចពិភាក្សា ដែលមានគោលបំណងបញ្ចប់ជម្លោះ បានជាប់គាំងជាមួយអ៊ីរ៉ង់ ដែលបដិសេធមិនបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ឬ បោះបង់ចោលឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម ។ យ៉ាងណាមិញ ទីក្រុងតេហេរ៉ង់បដិសេធថា ខ្លួនគ្មានបំណងបង្កើតអាវុធនុយក្លេអ៊ែរ នោះឡើយ។

ក្នុងពេលផ្តល់កិច្ចសម្ភាសដល់ Fox News កាលពីថ្ងៃព្រហស្បតិ៍, លោក ដូណាល់ ត្រាំ អះអាងថា លោកនឹងមិនមានការអត់ធ្មត់ច្រើនទៀតទេ ដូច្នេះ អ៊ីរ៉ង់គួរតែធ្វើកិច្ចព្រមព្រៀង លើកម្មវិធីនុយក្លេអ៊ែរ ជាបន្ទាន់៕

ប្រភពពី Straitstimes ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner