អ៊ីរ៉ង់ព្រមានអាមេរិក ជួបវិបត្តិសេដ្ឋកិច្ច ព្រោះជម្រើសសង្គ្រាម

តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមាន កាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកនឹងប្រឈមមុខនឹងផលវិបាកសេដ្ឋកិច្ចកើនឡើង ដែលកើតចេញពីជម្រើសសង្គ្រាមរបស់ខ្លួន ធ្វើមកលើប្រទេសអ៊ីរ៉ង់។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម X , លោក Abbas Araghchi បាននិយាយថា ជនជាតិអាមេរិកនឹងត្រូវបង្ខំឱ្យទទួលបន្ទុកកើនឡើង នៃជម្លោះ ជាមួយទីក្រុងតេហេរ៉ង់។ លោកបានសរសេរជាភាសាអង់គ្លេសថា «ការឡើងថ្លៃឧស្ម័ន និង ពពុះទីផ្សារភាគហ៊ុន…ការឈឺចាប់ពិតប្រាកដចាប់ផ្តើម នៅពេលដែលបំណុល និងអត្រាប្រាក់កម្ចីទិញផ្ទះ ចាប់ផ្តើមហក់ឡើងលឿន»។

លោកក៏បានចង្អុល ទៅសម្ពាធសេដ្ឋកិច្ច ដែលកំពុងកើនឡើង នៅក្នុងសហរដ្ឋអាមេរិក ដោយនិយាយថា ភាពយឺតយ៉ាវនៃប្រាក់កម្ចីទិញរថយន្ត បានឈានដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាន ក្នុងពេលជាង ៣០ឆ្នាំមកហើយ។ លោក Araghchi បានបន្ថែមថា «រឿងទាំងនេះ សុទ្ធតែអាចជៀសវាងបានទាំងអស់»។

ភាពតានតឹង ក្នុងតំបន់បានកើនឡើង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារ ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឱ្យមានការសងសឹក ពីទីក្រុងតេហេរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល ក៏ដូចជា បណ្តាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅឈូងសមុទ្រ រួមជាមួយនឹងការបិទច្រកសមុទ្រ Hormuz ។

បើតាម Anadolu, បទឈប់បាញ់បានចូលជាធរមាន នៅថ្ងៃទី៨ ខែមេសា តាមរយៈការសម្រុះសម្រួលរបស់ប៉ាគីស្ថាន ប៉ុន្តែ កិច្ចពិភាក្សានៅទីក្រុងអ៊ីស្លាម៉ាបាដ បានបរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងយូរអង្វែង។ ក្រោយមក ប្រធានាធិបតីអាមេរិក លោក Donald Trump បានបន្តបទឈប់បាញ់ ដោយគ្មានកំណត់៕

ប្រភពពី Anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner