កម្ពុជា-ជប៉ុនបញ្ចប់គម្រោងបោសសម្អាតមីនដំណាក់កាលទី២ និងចាប់ផ្តើមដំណាក់កាលទី៣
នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសមិទ្ធផលនៃគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីនដំណាក់កាលទី២ និងការបើកគម្រោងដំណាក់កាលទី៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់ “មរតកតេជោ” នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមប្រតិភូអគ្គនាយកស៊ីម៉ាក់ (CMAC) ឯកឧត្ដមអភិបាលខេត្តបាត់ដំបង ឯកឧត្តមលោកជំទាវ សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល អង្គទូត តំណាងអង្គការអន្តរជាតិ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្រ្តី-បុគ្គលិក CMAC លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ២ ០៤២ រូប។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាល ជប៉ុនចំពោះជំនួយដ៏ថ្លៃថ្លានេះ សម្រាប់គាំទ្រគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២ ដែលមានថវិកាចំនួន ២ ០០០លានយ៉េន ប្រមាណជាង១៧លានដុល្លារអាម៉េរិក នៅខេត្តពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន និងគម្រោងថ្មីដំណាក់កាលទី៣ ដែលមានថវិកាចំនួន ១ ៧០០ លានយ៉េន ប្រមាណជាង ១១ លានដុល្លារអាម៉េរិក នៅខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់កិត្តិយសអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនឯកឧត្តមឯកអគ្គរាជទូតជប៉ុន និងឥស្សរជនមួយចំនួនទៀតផងដែរ៕











