បារាំងផ្តល់ឧបករណ៍បច្ចេកទេសចំនួនពីរឈុត ដល់អាជ្ញាធរជាតិអប្សរាដើម្បីដំឡើងក្នុងប្រព័ន្ធធារាសាស្ត្រអង្គ
ភ្នំពេញ៖ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៩ និងទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក ហេវេ កាឌីណាល់(Hervé CARDINAL)អគ្គនាយកនៃសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកជ្រលងប៊ីយ៉ែវ( SIAVB) បានជួបប្រជុំបច្ចេកទេសដែលផ្តោតលើការគ្រប់គ្រងទ្វារទឹកអង្គរពីចម្ងាយនាពេលអនាគត។តាមស្មារតីនៃកិច្ចប្រជុំ នៅខែសីហាខាងមុខ ឧបករណ៍បច្ចេកទេសចំនួនពីរឈុត នឹងត្រូវដឹកជញ្ជូនពីប្រទេសបារាំងមកកម្ពុជា ដើម្បីដំឡើងក្នុងប្រព័ន្ធធារាសាស្ត្រអង្គរ។
ប្រភពអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្នុងអំឡុងពេលពិភាក្សា SIAVB រយៈពេល២ថ្ងៃ បានបង្ហាញគំរូធារាសាស្ត្រមួយ ដែលត្រូវបានប្រើសម្រាប់ការគ្រប់គ្រងពីចម្ងាយនៃតំបន់ជ្រលងប៊ីយ៉ែវ( Bièvres) ដែលជាប្រព័ន្ធទំនើបមួយក្នុងចំណោមប្រព័ន្ធទំនើបបំផុតនៅប្រទេសបារាំង សម្រាប់ការការពារភូមិដ្ឋានប្រជាពលរដ្ឋពីគ្រោះទឹកជំនន់។ការបង្ហាញនេះបានផ្តោតលើរបៀបនៃការគ្រប់គ្រងពីចម្ងាយដែលគំរូនេះអាចនឹងត្រូវបានកែសម្រួល និងផ្ទេរពីបរិបទទន្លេ Bièvres មកប្រើប្រាស់ក្នុងបណ្តាញគ្រប់គ្រងទឹកនៃប្រព័ន្ធធារាសាស្ត្រអង្គរ។
តាមស្មារតីនៃកិច្ចប្រជុំ នៅខែសីហាខាងមុខឧបករណ៍បច្ចេកទេសចំនួនពីរឈុត នឹងត្រូវដឹកជញ្ជូនពីប្រទេសបារាំងមកកម្ពុជា ដើម្បីដំឡើងក្នុងប្រព័ន្ធធារាសាស្ត្រអង្គរ។ សមិទ្ធិនេះនឹងក្លាយជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើតប្រព័ន្ធធារាសាស្ត្រទំនើបរួមបញ្ចូលគ្នានិងអាចគ្រប់គ្រងពីចម្ងាយសម្រាប់តំបន់អង្គរ។
ក្រៅពីកិច្ចប្រជុំ ដំណើរទស្សនកិច្ចនៅទីតាំងជាក់ស្តែង បានអនុញ្ញាតឱ្យក្រុមការងារទាំងពីរ ពិនិត្យមើលការតភ្ជាប់រវាងឧបករណ៍បញ្ជានៅការិយាល័យត្រួតពិនិត្យ និងប្រព័ន្ធបញ្ជាទ្វារទឹកនៅតាមទីតាំងនានា។ SIAVB ក៏បានបង្ហាញអាងស្តុកទឹកនានានៅតាមបណ្ដោយជ្រលង Bièvres ដែលបានកែលម្អដោយពង្រីកអាចស្តុកទឹក រួមទាំងបង្កើតទេសភាពលម្អដែលត្រូវបានរចនាឡើង មិនត្រឹមតែដើម្បីបង្ការទឹកជំនន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សោភ័ណភាពទេសភាព និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងជ្រលងBièvres និងភ្ញៀវទេសចរផងដែរ។
គួរបញ្ជាក់ដែរថា SIAVB បានទទួលជោគជ័យក្នុងការការពារតំបន់លំនៅដ្ឋានក្នុងជ្រលង Bièvres របស់ខ្លួន មិនលិចលង់ដោយទឹកជំនន់ ដូចដែលអាជ្ញាធរជាតិអប្សរា បានការពារតំបន់អង្គរកុំឱ្យប៉ះពាល់ដោយទឹកជំនន់ចាប់តាំងពីឆ្នាំ២០០៧ និងក្រុងសៀមរាប ចាប់តាំងពីឆ្នាំ២០១២ កន្លងមកដែរ៕
ដោយ៖ទួន សុផល














