សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ និងជូនអំណោយដល់អតីតយុទ្ធជន និងនិវត្តជន និង ប្រគល់ផ្ទះបន្ថែម,អណ្តូង នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ និងសប្បុរសជនជាច្រើនរូប កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦បានអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់អំណោយជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន ចំនួន ១.១៦៩គ្រួសារ រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ ប្រកបដោយមនោសញ្ចេតនានឹករលឹក និងអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវការដឹងគុណយ៉ាងធំធេងចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនអតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ។ លើសពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរចំពោះទឹកចិត្តរបស់ភរិយា កូនចៅ និងក្រុមគ្រួសារ ដែលបានលះបង់នូវសេចក្តីសុខ និងសុភមង្គលផ្ទាល់ខ្លួន ដើម្បីអនុញ្ញាតឱ្យប្តីសី និងកូនៗជាទីស្រឡាញ់ ទៅចូលរួមការពារបូរណភាពទឹកដី។
លើសពីនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅបានថ្លែងនូវការកោតសរសើរដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមកសាង និងអភិវឌ្ឍ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឱ្យមានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ សូមបន្តចូលរួមដោះស្រាយបញ្ហាដែលនៅសេសសល់ ដូចជាកង្វះខាតទឹក-ភ្លើង និងទីផ្សារទិន្នផលជាដើម។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅបានផ្ដាំផ្ញើ និងអំពាវនាវយ៉ាងទទូចដល់ក្រុមគ្រួសារអតីតយុទ្ធជន និងនិវត្តជនទាំងអស់ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និងជំរុញកូនចៅឱ្យខិតខំរៀនសូត្រ ជៀសឆ្ងាយពីគ្រឿងញៀន និងអបាយមុខផ្សេងៗ។ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពឱ្យបានទៀងទាត់មុនសម្រាល ។ចំណែកឯលោកតាលោកយាយចាស់ៗក៏ត្រូវអញ្ជើញទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីព្យាបាលជំងឺបានទាន់ពេលវេលាផងដែរ។ បន្តចូលរួមបង្កបង្កើនផលលើដីធ្លីដែលមានស្រាប់ ឬចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។
បន្ទាប់ពីជួបសំណេះសំណាល និងចែកអំណោយខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញកាត់ខ្សែបូ សម្ពោធប្រគល់ផ្ទះថ្មីចំនួន ១០០ខ្នង និងអណ្តូងចំនួន ១២៥អណ្តូង បន្ថែមទៀត ជូនបងប្អូនអតីតយុទ្ធជននៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដែលសរុបផ្ទះនិងអណ្តូងជាអំណោយរបស់កាកបាទក្រហមកម្ពុជា មានផ្ទះចំនួន ៧២៨ខ្នង និងអណ្តូងចំនួន ៤១៥អណ្តូង។ បន្ទាប់មកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ខ្នងផ្ទះគំរូ ដើម្បីបានដឹងពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជន និងនិវត្តជន ។
សូមជម្រាបជូនថា អំណោយផ្តល់ជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជនមាន អង្ករ , មី , ត្រីខ , ទឹកស៊ីអ៊ីវ, ទឹកត្រី , ប្រេងឆា, សាប៊ូកក់សក់, ភេសជ្ជៈ, ឃីត១កញ្ចប់ (សារុង ក្រមា មុង ភួយ) និងថវិកា ៥០.០០០រៀល។ ដោយឡែក សិស្សានុសិស្សនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ចំនួន ៣១៧នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ, ប៊ិក និងថវិកាមួយចំនួនដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕
ដោយ៖គ្រី សម្បត្តិ




















