ក្រសួងការពារជាតិប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
ភ្នំពេញ៖ ក្រសួងការពារជាតិ បានរៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យការពារជាតិ និងសមាសភាពលេខាធិការដ្ឋាន ក្រុមកាងារជំនាញរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពឯកឧត្តមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
សមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យការពារជាតិ និងសមាសភាពលេខាធិការដ្ឋាន ក្រុមកាងារជំនាញរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាដែលបានប្រកាសកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ មាន៖ឯកឧត្តម មាស សាវ៉ន ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យការពារជាតិ ,ឯកឧត្តម ជឹម សុខ ជាអនុប្រធានលេខាធិការដ្ឋាននិងក្រុមការងារជំនាញរបស់លេខាធិការដ្ឋានរួមមាន៖ឯកឧត្តម សំ ចាន់ធួន ប្រធានការងាររដ្ឋបាលហិរញ្ញវត្ថុ ឯកឧត្តម យ៉ា គឹមអ៊ី ប្រធានក្រុមការងារអធិការកិច្ច
ឯកឧត្តម អ៊ុក ហឿនពិសី ប្រធានក្រុមការងារអភិវឌ្ឍន៍និងឯកឧត្តម ខឹម សន ប្រធានក្រុមការងារឃោសនា អប់រំ និងផ្សព្វផ្សាយ។
នាឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំលេខាធិការដ្ឋាន ,ក្រុមការងារជំនាញទាំងអស់របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យការពារជាតិ។
នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី បានរំលឹកថា គ្រប់បណ្តាកងឯកភាព ជំនាញពាក់ព័ន្ធ ទាំងអស់ត្រូវបន្តតាមដានយកចិត្តទុកដាក់គ្រប់និវត្តជន និងគ្រួសារនិវត្តជន ដែលនៅអតីតកងឯកភាពរបស់ខ្លួន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធប្រកបដោយមនោសញ្ចេតនា ដើម្បីបញ្ជាក់ពីការស្រលាញ់រាប់អាន ដោយស្មោះស្ម័គ្រក្នុងគោលបំណងលើកតម្កើងរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេង របស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាពេលអតីតកាល និងបច្ចុប្បន្ន៕
ដោយ៖ហេង សម្បត្តិ







