លោក ត្រាំ អះអាងជាថ្មីថា សង្គ្រាម អាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ នឹងបិទបញ្ចប់ឆាប់ៗនេះ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងច្បាស់ៗសាជាថ្មីកាលពីថ្ងៃ សុក្រ ថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយប្រទេសអ៊ីរ៉ង់ នឹងចប់សព្វគ្រប់ក្នុងពេលឆាប់ៗនេះហើយ ។
មេដឹកនាំអាមេរិករូបនេះ បានថ្លែងនៅចំពោះមុខអ្នកគាំទ្ររបស់លោកនៅឯទីក្រុង ញូវយ៉ក ថា យើងបានបញ្ឈប់ពួកគេពីការផលិតបានអាវុធនុយក្លេអ៊ែរ ។ យើងនឹងមិនបើកដៃឱ្យពួកគេអាចមានអាវុធប្រល័យលោកជាដាច់ខាត ហើយយើងក៏នឹងបិទបញ្ចប់សង្គ្រាមនេះក្នុងពេលឆាប់ៗផងដែរ ។
ការអះអាងរបស់លោក ត្រាំ ធ្វើឡើងស្របពេលដែលគណៈប្រតិភូកាតាកំពុងចរចាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាឈី នៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃ សុក្រ ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាម ក្រោមការសម្របសម្រួលរបស់ប៉ាគីស្ថាន ។
របាយការណ៍នេះ កើតឡើងបន្ទាប់ពីមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក ហ្វីល ម៉ាហ៊្សល អាស៊ីម ម៊ូនី បានទៅដល់ទីក្រុងតេហេរ៉ង់ ជាលើកទី២ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ។
សកម្មភាពការទូតដ៏ច្រើនសន្ធឹកសន្ធាប់នេះបានកើតឡើង ខណៈដែលរបាយការណ៍បានបង្ហាញថា អ្នកចរចាកំពុងបិទចន្លោះប្រហោងលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ។
ប្រទេសប៉ាគីស្ថានបានពង្រឹងដំណើរការសម្របសម្រួលយ៉ាងសកម្មរបស់ខ្លួន ដើម្បីធានាបាននូវកិច្ចចរចាដោយផ្ទាល់ជុំទីពីររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។
បើតាម Anadolu, បច្ចុប្បន្ន បញ្ហានុយក្លេអ៊ែរ គឺជាឧបសគ្គដ៏ធំបំផុត សម្រាប់ការចរចាបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលបានចាប់ផ្តើមឡើងកាលពីចុងខែកុម្ភៈ ដែលបង្កឱ្យមានភាពចលាចលទូទាំងតំបន់ឈូងសមុទ្រ និងមជ្ឈិមបូព៌ា ព្រមទាំងរង្គោះរង្គើដល់ទីផ្សារថាមពលពិភពលោក ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
