ក្រុមអ្នកជ្រមុជទឹកស្ម័គ្រចិត្តបានប្រមូលឧបករណ៍នេសាទចាស់ៗជិតកន្លះតោនពីបាតសមុទ្រ
នៅក្នុងយុទ្ធនាការ «ទិវាអណ្តើកសមុទ្រពិភពលោក ឆ្នាំ២០២៦» កាលពីថ្ងៃទី២៣ ខែឧសភា ក្រុមអ្នកជ្រមុជទឹកស្ម័គ្រចិត្តចំនួន១៧រូប បានបង្កើតសមិទ្ធផលដ៏គួរឱ្យកោតសរសើរ ដោយបានមុជទឹកបំពេញបេសកកម្មចំនួន ២លើក ក្នុងរយៈពេលតែ ២ម៉ោង និងប្រមូលបានឧបករណ៍នេសាទ ដែលគេបោះបង់ចោលក្នុងសមុទ្រសរុបបានជិតកន្លះតោន ចេញពីតំបន់ស្នូលជីវចម្រុះ នៅប្រជុំកោះរ៉ុង ខេត្តព្រះសីហនុ។
ថ្លែងទៅកាន់ក្រុមការងារបច្ចេកទេស បន្ទាប់ពីការជ្រមុជទឹកបិទបញ្ចប់ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរចំពោះការលះបង់កម្លាំងកាយចិត្តរបស់បងប្អូនអ្នកជ្រមុជទឹកទាំង ១៧រូប ដែលជាជំហានដំបូងដ៏ជោគជ័យ និងជាគំរូដ៏ល្អក្នុងការដាស់ស្មារតីសាធារណជន ជាពិសេសអ្នកនេសាទ ក្នុងបុព្វហេតុការពារ និងអភិរក្សធនធានជលផលបាតសមុទ្រ។
លោកជំទាបបានឱ្យដឹងដែរថា មង និងខ្សែសន្ទូចចាស់ៗជិតកន្លះតោនដែលធ្លាប់តែជា «អន្ទាក់មរណៈ» យាយីសត្វអណ្តើកសមុទ្រ ផ្សោត និងបំផ្លាញផ្កាថ្ម ត្រូវបានដកហូតចេញជាស្ថាពរ ដែលនេះជាសកម្មភាពជាក់ស្តែងក្នុងការផ្ដល់ជីវិត និងដង្ហើមជាថ្មីដល់មហាសមុទ្រ។ លោកជំទាវបានសង្កត់ធ្ងន់ថា ជោគជ័យនេះស្តែងឱ្យឃើញថា ឱ្យតែមានការចូលរួមពីគ្រប់ភាគី នោះយើងពិតជាអាចការពារធនធានធម្មជាតិរបស់យើងបានប្រកបដោយចីរភាព។
គួរបញ្ជាក់ផងដែរថា ឧបករណ៍នេសាទដែលត្រូវបានបោះបង់ចោលក្នុងសមុទ្រ ឬ Ghost Gear សរុបចំនួន ៤៧០ គីឡូក្រាម ដែលត្រូវបានក្រុមការងារប្រមូលបានពីតំបន់ប៉ប្រះផ្កាថ្ម និងជម្រកស្មៅសមុទ្រនាពេលនេះ រួមមាន៖ អួនអូស ចំនួន ៤០០គីឡូក្រាម, លបនេសាទ ចំនួន ៣០គីឡូក្រាម, មងក្រឡា ចំនួន ១៥គីឡូក្រាម, សន្ទូចខ្សែវែង ចំនួន ៥គីឡូក្រាម, ខ្សែសន្ទូច ចំនួន ៣គីឡូក្រាម ព្រមទាំងសំណល់ផ្សេងៗទៀត ចំនួន ១៧គីឡូក្រាម។
ទិន្នន័យជាក់លាក់ទាំងអស់នេះ ត្រូវបានកត់ត្រាយ៉ាងហ្មត់ចត់ ដើម្បីទុកជាមូលដ្ឋានវិទ្យាសាស្ត្រសម្រាប់អគ្គនាយកដ្ឋានជលផលក្នុងការរៀបចំផែនការសកម្មភាព ដើម្បីគ្រប់គ្រង ការពារ និងអភិរក្សសមុទ្រកម្ពុជា បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ខៀវ និងអេកូទេសចរណ៍ជលផល ប្រកបដោយចីរភាពទៅថ្ងៃអនាគត៕







ដោយ៖ម៉ាដេប៉ូ