សម្តេចធិបតី៖ ការលើកលែងទោសឱ្យលោក កឹម សុខា គឺជាជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ
តាមរយៈបណ្តាញសង្គមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ការលើកលែងទោសឱ្យលោក កឹម សុខា គឺជាជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ។ ការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីសម្តេចប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យ លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ ដែលត្រូវបាន តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ តាមអំណាចសាលដីកា ព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI “អ.ណ” ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ។
គួររម្លឹកឱ្យដឹងថា លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅរំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកក្នុងខណ្ឌទួកគោក ក្នុងរាជធានីភ្នំពេញ។
ក្រោយពីបានធ្វើសវនាការពិភាក្សាដេញដោលចំនួន៦៦លើក ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២២ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមព្រហ្ម ទណ្ឌលេខៈ ១៨២ “ម” ចុះថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ ដោយបានសម្រេចសេចក្ដីដូចខាងក្រោម៖
១. ផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ កឹម សុខា ភេទប្រុស កើតថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ១៩៥៣ សញ្ជាតិ ខ្មែរ ដាក់ពន្ធនាគារកំណត់រយៈពេល ២៧ (ម្ភៃប្រាំពីរ) ឆ្នាំ ពីបទសន្និដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ ២០១០ ដល់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។
២. ផ្តន្ទាទោសជនជាប់ចោទនូវទោសបន្ថែម ដោយដកជាស្ថាពរនូវ សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌ។
៣. ដាក់ជនជាប់ចោទឲ្យស្ថិតនៅក្រោមវិធាន ការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវគោរពកាតព្វកិច្ចមួយចំនួនដូចខាងក្រោម៖
-មិនត្រូវជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស ដោយផ្ទាល់ ឬដោយប្រយោលតាម ប្រព័ន្ធបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ។ កាតព្វកិច្ចនៃវិធានការត្រួតពិនិត្យតាមផ្លូវតុលាការខាងលើនេះ មានអានុភាពអនុវត្តភ្លាម ចាប់ពីថ្ងៃ ប្រកាសសាលក្រមនេះ រហូតដល់ពេលសាលក្រមចូលជាស្ថាពរ។
៤. បង្គាប់ឲ្យកងកម្លាំង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើប្រាស់សិទ្ធិអំណាច និងតួនាទីរបស់ខ្លួន ក្នុង ឋានៈជាមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីធានាអនុវត្តនូវវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ ដូចកំណត់ក្នុង ចំណុចទី ៣ នៃសេចក្ដីសម្រេចខាងលើនេះ ក្រោមការដឹកនាំ និងសម្របសម្រួលដោយព្រះរាជអាជ្ញាន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
៥. ក្នុងករណីដែលមានការបំពាននូវកាតព្វកិច្ច នៃវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ត្រូវស្នើសុំជាបន្ទាន់ទៅតុលាការមានសមត្ថកិច្ចឲ្យចេញនូវវិធានការឃុំ ខ្លួនជាបណ្តោះអាសន្នលើជនជាប់ចោទ៕
ដោយ៖ពលជ័យ

