ចិន សំងំសាងសង់នាវាដឹកជំនួយយោធាធំបំផុតលើពិភពលោក
ប៉េកាំង ៖ ប្រទេសចិន កំពុងសំងំសាងសង់នាវាដឹកជំនួយយោធាកងទ័ពជើងទឹកជំនាន់ថ្មី ដែលធំបំផុតលើពិភពលោក មានទម្ងន់ចន្លោះពី ៦០,០០០ ទៅ ៦៥,០០០តោន ហើយគ្រោងនឹងដាក់ចូលបម្រើសេវាកម្មនៅរវាងឆ្នាំ ២០២៧ និង២០២៨ ។
ទម្ងន់នេះធំជាងឆ្ងាយ បើធៀបនឹងនាវាដឹកជំនួយប្រភេទ Type 901 នាពេលបច្ចុប្បន្នរបស់ប្រទេសចិន ដែលមានទម្ងន់ត្រឹមតែ ៤៥,០០០ តោនប៉ុណ្ណោះ ហើយបច្ចុប្បន្នវាគឺជានាវាផ្គត់ផ្គង់ភស្តុភារយោធាធំជាងគេបំផុតលើពិភពលោក ។
បើតាម Korea Times, មូលហេតុដែលចិនសាងសង់នាវាខ្នាតយក្សនេះឡើង គឺស្ថិតក្នុងគោលបំណងធំៗចំនួន៣ រួមមាន ៖ យុទ្ធសាស្រ្តសមុទ្ររយៈចម្ងាយឆ្ងាយ, កង្វះមូលដ្ឋានទ័ពនៅក្រៅប្រទេស និងចុងក្រោយ គឺការផ្គត់ផ្គង់ជំនួយភស្តុភារដល់ក្រុមនាវាចម្បាំងការពារនាវាផ្ទុកយន្តហោះ ។
តាមរយៈរូបភាពពីផ្កាយរណបកាលពីខែមីនា, នាវាដឹកជំនួយនេះ នៅមិនទាន់សាងសង់រួចរាល់ទាំងស្រុងនៅឡើយទេ ប៉ុន្តែរូបភាពថ្មីៗបង្ហាញថា ការដំឡើងគ្រឿងបង្គុំសំខាន់ៗរួចរាល់ស្ទើរតែទាំងស្រុងហើយ ដែលនេះសបញ្ជាក់ពីល្បឿនសាងសង់ដ៏លឿនបំផុតរបស់ប្រទេសចិន ។
យោងតាមទិន្នន័យពីស្ថាប័នស្រាវជ្រាវការពារជាតិ Janes, នាវាដឹកជំនួយនេះ កំពុងសាងសង់នៅឯរោងចក្រ Longxue ក្នុងទីក្រុងក្វាងចូវ ។ វាមានប្រវែងប្រហែល ២៧១ ម៉ែត្រ និងទទឹង ៣៧ ម៉ែត្រ ។
បើតាម Interesting engineering, ជាមួយនឹងទម្ងន់ប៉ាន់ស្មានរហូតដល់ ៦៥.០០០ តោន, នាវានេះនឹងមានទំហំធំជាងនាវាផ្គត់ផ្គង់ជំនួយល្បឿនលឿនប្រភេទ Sacramento-class របស់កងទ័ពជើងទឹកអាមេរិក ដែលមានទម្ងន់ ៥៣.០០០ តោន ហើយបច្ចុប្បន្នត្រូវបានដាក់ឱ្យចូលនិវត្តន៍ហើយ ។
អ្នកវិភាគបានប៉ាន់ប្រមាណថា ប្រសិនបើសន្ទុះនៃការសាងសង់នៅតែបន្តរក្សាបានលឿនបែបនេះ នាវាដឹកជំនួយយក្សនេះ អាចនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមចុងឆ្នាំ ២០២៦ ។
ហើយត្រូវបានគេរំពឹងថា វាអាចនឹងចូលបម្រើការក្នុងជួរកងទ័ពជើងទឹករបស់មហាយក្សចិនជាផ្លូវការ នៅរវាងឆ្នាំ ២០២៧ និង ២០២៨ ៕
ប្រភព ៖ Korea Times និង Interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា