ប្រធានាធិបតីអ៊ីរ៉ង់បញ្ជាឱ្យបើកអ៊ីនធឺណិតឡើងវិញ ក្រោយផ្អាកអំឡុងសង្គ្រាម
តេហេរ៉ង់ ៖ ប្រធានាធិបតីប្រទេសអ៊ីរ៉ង់ បានចេញបទបញ្ជាឱ្យបើកដំណើរការ អ៊ីនធឺណិត នៅក្នុងប្រទេសឡើងវិញ ពោលគឺបន្ទាប់ពីបានផ្អាក អំឡុងសង្គ្រាម។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃចន្ទថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាឱ្យស្ដារការចូលប្រើអ៊ីនធឺណិតអន្តរជាតិ ក្នុងប្រទេសអ៊ីរ៉ង់ ដែលត្រូវបានផ្អាកចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងនឹងប្រទេសនេះ។
ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim និង Fars បានរាយការណ៍ថា «ក្រឹត្យដែលមានគោលបំណងស្តារការចូលប្រើអ៊ីនធឺណិត ឲ្យដូចស្ថានភាពនៅមុនខែមករា ត្រូវបានទាក់ទង ទៅកាន់ក្រសួងទំនាក់ទំនង ដែលធ្វើឡើងដោយលោកប្រធានាធិបតី» ។
អាជ្ញាធរបានបិទអ៊ីនធឺណិត អំឡុងការតវ៉ាប្រឆាំងរដ្ឋាភិបាល ទ្រង់ទ្រាយធំ ដែលបានកើនឡើង នៅដើមខែមករា។ បន្ទាប់មក បានផ្អាកម្តងទៀត នៅថ្ងៃទី២៨ ខែកុម្ភៈ នៅពេលចាប់ផ្តើមសង្រ្គាមមជ្ឈិមបូព៌ា។ ចាប់តាំងពីពេលនោះមក ប្រជាជនមានសិទ្ធិចូលប្រើប្រាស់គេហទំព័រតែនៅក្នុងស្រុកប៉ុណ្ណោះ។
បើតាម AFP ការប្រកាសបើកឡើងវិញនេះ ធ្វើឡើង ចំពេលដែលអាមេរិក និងអ៊ីរ៉ង់ ចរចាខិតជិតមកដល់កិច្ចព្រមព្រៀងសន្តិភាព បើផ្អែកតាមមន្ត្រីផ្លូវការ ប្រទេសទាំងពីរ ។
ប៉ុន្តែ ស្ថានការណ៍ហាក់ឡើងកម្តៅបន្តិចវិញ ក្រោយពេលអាមេរិកវាយប្រហារលើទីតាំងបាញ់មីស៊ីលរបស់អ៊ីរ៉ង់ និងកប៉ាល់តូចៗ នៅជុំវិញច្រកសមុទ្រហ័រមូស កាលពីថ្ងៃចន្ទ ដោយភាគីអាមេរិកអះអាងថា ជាការវាយប្រហារការពារខ្លួន ពីការគំរាមកំហែងរបស់អ៊ីរ៉ង់ និងទប់ស្កាត់ កប៉ាល់ដែលប៉ុនប៉ងដាក់មីន៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
