NASA ដាក់មហិច្ឆតាសង់ជម្រកឱ្យអវកាសយានិករស់នៅអចិន្ត្រៃយ៍លើភពព្រះចន្ទក្នុងឆ្នាំ ២០៣២
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានប្រកាសពីដ៏មហិច្ឆតាធំមួយ គឺគម្រោងសាងសង់ទីជម្រកឱ្យអវកាសយានិកអាចរស់នៅភពព្រះចន្ទជាអចិន្ត្រៃយ៍តែម្ដងនៅក្នុងឆ្នាំ ២០៣២ ។
មូលដ្ឋានអចិន្ត្រៃយ៍នេះ នឹងស្ថិតនៅប៉ូលខាងត្បូងនៃភពព្រះចន្ទ ហើយវាត្រូវបានគេរំពឹងថា នឹងសាងសង់ឡើងនៅលើផ្ទៃដីរាប់រយគីឡូម៉ែត្រ ។
យោងតាម the guardian, គំនិតផ្តួចផ្តើមដ៏ធំសម្បើមនេះ ត្រូវបានបែងចែកជា ៣ ដំណាក់កាល ដោយចាប់ដៃគូជាមួយក្រុមហ៊ុន Blue Origin របស់លោកមហាសេដ្ឋី Jeff Bezos និង SapceX របស់លោកមហាសេដ្ឋី Elon Musk ជាមួយនឹងការចំណាយថវិកាប្រហែល ២០ ពាន់លានដុល្លារ ។
បើតាម NASA, ដំណាក់កាលដំបូងនឹងចាប់ដំណើការពីឆ្នាំ ២០២៦ ដល់ ២០២៩ ។ ដំណាក់កាលនេះ NASA នឹងចាប់ផ្តើមបេសកកម្មប្រើប្រាស់មនុស្សយន្ត ដើម្បីឈ្លបយកការណ៍នៅតំបន់ប៉ូលខាងត្បូងនៃភពព្រះចន្ទ និងការសាកល្បងបច្ចេកវិទ្យាទំនើបៗ ។
រីឯដំណាក់កាលទី២ NASA នឹងតម្លើងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មានដូចជាស្ថានីយថាមពលនុយក្លេអ៊ែរ និងថាមពលស្រូបពន្លឺព្រះអាទិត្យ ព្រមទាំងប្រព័ន្ធទំនាក់ទំនង ចាប់ពីឆ្នាំ ២០២៩ ដល់២០៣២ ។
ចំណែកដំណាក់កាលទី៣ NASA នឹងចាប់ផ្តើមសាងសង់មូលដ្ឋានស្នាក់នៅអចិន្ត្រៃយ៍លើភពព្រះចន្ទ ដើម្បីអនុញ្ញាតឱ្យមនុស្សអាចរស់នៅ និងធ្វើការយៈពេលវែង ចាប់ពីឆ្នាំ ២០៣២ និងឆ្នាំបន្តបន្ទាប់ ។
ប្រធានអង្គការ NASA លោក Jared Isaacman និយាយថា ផែនការនេះ ត្រូវបានជំរុញដោយបេសកកម្ម Artemis II ដែលទើបទទួលបានជោគជ័យយ៉ាងខ្លាំងកាលពីខែមុន ។
បេសកកម្មនេះ បានបញ្ជូនអវកាសយានិកចំនួន ៤រូប ហោះក្រឡឹងជុំវិញភពព្រះចន្ទជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧២ ហើយវាជាកម្លាំងជំរុញ និងជាការលើកទឹកចិត្តដ៏ធំ ដើម្បីជំរុញផែនការកសាងមូលដ្ឋានអចន្ត្រៃយ៍លើភពព្រះចន្ទ ។
គួរកត់សម្គាល់ តំបន់ប៉ូលខាងត្បូងនៃភពព្រះចន្ទ មិនត្រឹមតែជាគោលដៅវិទ្យាសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងបម្លែងខ្លួនទៅជាគោលដៅយុទ្ធសាស្រ្តអំណាចរបស់ប្រទេសធំៗលើពិភពលោកផងដែរ ។
ចំពោះមូលហេតុ គឺដោយសារទីនោះមានពន្លឺព្រះអាទិត្យជាប់រហូត និងមានផ្ទុកទឹកកក ដែលអាចកែច្នៃទៅជាថាមពល ខ្យល់អុកស៊ីសែន និងឥន្ធនៈសម្រាប់បេសកកម្មអវកាសអនាគត ៕
ប្រភព ៖ the guardian ប្រែសម្រួល ៖ ឈឹម ទីណា