អ៊ីរ៉ង់ ៖ អ៊ុយរ៉ានីញ៉ូមចម្រាញ់រួច មិនមែនជាការចរចាបច្ចុប្បន្នជាមួយអាមេរិកទេ
តេហេរ៉ង់ ៖ មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់បានចេញមុខអះអាងម្តងទៀតថា សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចរបស់ខ្លួន មិនមែនជាផ្នែកមួយនៃការចរចាបច្ចុប្បន្នជាមួយសហរដ្ឋអាមេរិកនោះទេ ។
ការបញ្ជាក់ពីជំហរដាច់អហង្ការនេះ ធ្វើឡើងចំពេលមានសម្ពាធ និងការទាមទារជាបន្តបន្ទាប់ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានជំរុញអ៊ីរ៉ង់ផ្ទេរអ៊ុយរ៉ាញ៉ូមចម្រាញ់រួចទៅឱ្យសហរដ្ឋអាមេរិក ដើម្បីបំផ្លាញចោល ឬ បំផ្លាញនៅនឹងកន្លែង ឬនៅទីតាំងដែលអាចទទួលយកបានផ្សេងទៀត ។
ជាការឆ្លើយតប លេខារងនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ លោក Ali Bagheri បានសង្កត់ធ្ងន់ថា បញ្ហាអ៊ុយរ៉ាញ៉ូមចម្រាញ់រួច មិនមាននៅក្នុងរបៀបវារៈនៃការចរចាជាមួយសហរដ្ឋអាមេរិកនោះទេ ។
កន្លងមក អ៊ីរ៉ង់តែងតែចាត់ទុកឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួច និងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz ជាខែលការពារយុទ្ធសាស្ត្រដ៏សំខាន់បំផុត ដើម្បីធានាសន្តិសុខ និងការរស់រានមានជីវិតរបស់របបដឹកនាំរបស់ទីក្រុងតេហេរ៉ង់ ។
ម្យ៉ាងវិញទៀត មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា ម៉ូចតាបា ខាមេណៃ បានចេញបទបញ្ជាហាមឃាត់មិនឱ្យមានការបញ្ជូនសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចទាំងនោះ ចេញក្រៅប្រទេសជាដាច់ខាត ។
បើតាម Anadolu, បច្ចុប្បន្ន បញ្ហានុយក្លេអ៊ែរ គឺជាឧបសគ្គដ៏ធំបំផុត សម្រាប់ការចរចាបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលបានចាប់ផ្តើមឡើងកាលពីចុងខែកុម្ភៈ ដែលបង្កឱ្យមានភាពចលាចលទូទាំងតំបន់ឈូងសមុទ្រ និងមជ្ឈិមបូព៌ា ព្រមទាំងរង្គោះរង្គើដល់ទីផ្សារថាមពលពិភពលោក ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
