ក្រសួងរៀបចំដែនដីលើកកម្ពស់វប្បធម៌សន្ទនាជាមួយសង្គមស៊ីវិលនិងតួអង្គពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម
ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី «គោលនយោបាយសន្តិសុខសិទ្ធិកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា» នៅទីស្ដីការក្រសួង កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកសិក្ខាសាលានេះថា មានសារៈសំខាន់ និងជាវេទិកាវប្បធម៌សន្ទនាដ៏ល្អរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក្នុងការពិគ្រោះយោបល់ និងស្វែងរកដំណោះស្រាយ ដើម្បីរួមចំណែកកសាងគោលនយោបាយជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ឯកឧត្តមបានលើកឡើងថា វប្បធម៌សន្ទនា និងកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហារួម និងជួយពង្រឹងខឿនសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់។
បច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងអនុវត្តគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយ និងជំរុញរៀបចំយន្តការថ្មីៗបន្ថែមទៀត ដើម្បីពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខ។
ដើម្បីសម្រេចកិច្ចការនេះ ក្រសួងបានដាក់ចេញយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ បញ្ចេញបណ្ណកម្មសិទ្ធិទាំងអស់ដែលកំពុងស្ថិតក្នុងដៃរបស់ក្រសួង, ពន្លឿនការវាស់វែងដីធ្លីសេសសល់ និងជំរុញការចេញបណ្ណកម្មសិទ្ធិឱ្យបានឆាប់រហ័ស សម្រាប់ដីដែលបានវាស់វែង និងមានសុវត្ថិភាពច្បាស់លាស់រួចហើយ។
ដីដែលត្រូវចេញបណ្ណទាំងនេះ រួមមានទាំងដីឯកជន និងដីរដ្ឋ ដូចជា ដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច និងដីសហគមន៍ ដែលក្រសួងកំពុងពន្លឿនដំណើរការចាត់ចែងចេញបណ្ណជាបន្តបន្ទាប់។
ពាក់ព័ន្ធនឹងបញ្ហាជម្លោះដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងបានដោះស្រាយបញ្ចប់ជាច្រើនករណីរួចមកហើយ ហើយបច្ចុប្បន្ននៅសល់តិចជាង ៥០ករណីប៉ុណ្ណោះ ដែលក្រសួងនឹងបន្តខិតខំដោះស្រាយឱ្យបានជាបន្តបន្ទាប់។
ឯកឧត្តម សាយ សំអាល់ ក៏បានថ្លែងអំណរគុណដល់អង្គការសង្គមស៊ីវិល ដែលបានចូលរួមក្នុងសិក្ខាសាលា និងលើកឡើងនូវបញ្ហាប្រឈមនានា ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ។ ឯកឧត្តមបានបញ្ជាក់ថា ការលើកឡើងទាំងនេះ មិនមែនជាការបន្ទោស ឬដាក់បន្ទុកលើរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែជាការចូលរួមបំពេញបន្ថែម និងរួមគ្នាកែលម្អចំណុចខ្វះខាតកន្លងមក។
សម្រាប់ទិសដៅទៅមុខ ក្រសួងនឹងបន្តបើកវេទិកាដោយមានការចូលរួមពីសហគមន៍នានាទូទាំងប្រទេស ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងចែករំលែកគំរូជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដូចជាសហគមន៍ត្រពាំងសង្កែជាដើម ដែលអាចក្លាយជាគំរូសម្រាប់សហគមន៍ផ្សេងៗទៀត យកទៅអនុវត្តតាម ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ឱ្យកាន់តែល្អប្រសើរ។
ចំពោះបញ្ហាសិទ្ធិ និងសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងនឹងបន្តដោះស្រាយ និងការពារសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលផ្ដោតលើការធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងមិនអនុញ្ញាតឱ្យមានការរំលោភបំពានលើសិទ្ធិរបស់ប្រជាពលរដ្ឋនោះឡើយ៕
















