កម្ពុជា-លុចសំបួ រួមគ្នាអភិវឌ្ឍវិស័យសុខាភិបាលនៅតំបន់ដាច់ស្រយាល

នៅទីស្តីការក្រសួងសុខាភិបាល នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារ និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យសុខាភិបាល រវាងក្រសួងសុខាភិបាលកម្ពុជា និងតំណាងស្ថានទូតនៃប្រទេសលុចសំបួប្រចាំកម្ពុជា និងប្រទេសឡាវ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ ក្នុងការរឹតចំណងភាពជាដៃគូរវាងប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទូទៅ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរួមក្នុងការប្រែក្លាយចក្ខុវិស័យឱ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង។

កិច្ចសហប្រតិបត្តិការនេះផ្តោតលើការគាំទ្រអាទិភាពសំខាន់ៗ ចំនួន៥ រួមមាន៖ ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល, ការគាំទ្រសម្ភារបរិក្ខារពេទ្យ, ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ព្រមទាំងសុខភាពបន្តពូជ មាតា ទារក និងកុមារ និងការផ្តល់ឈាម ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើតំបន់ដាច់ស្រយាល និងខេត្តភូមិភាគឦសាន រួមមានខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។

ជាមួយគ្នានេះ ភាគីលុចសំបួ បានជ្រាបជូនអំពីផែនការសកម្មភាពបន្ត រួមមានការចុះបំពេញបេសកកម្មរបស់ក្រុមការងារទីភ្នាក់ងារអភិវឌ្ឍលុចសំបួ (LuxDev) នៅកម្ពុជា នាខែកក្កដា ឆ្នាំ២០២៦ និងការបង្កើតការិយាល័យតំណាង LuxDev នៅរាជធានីភ្នំពេញ ដើម្បីធានាប្រសិទ្ធភាពខ្ពស់នៃការសម្របសម្រួល និងការអនុវត្តកម្មវិធីសុខាភិបាលទ្វេភាគី ស្របតាមអាទិភាពជាតិ និងគោលដៅឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមឈាង រ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសលុចសំបួ ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្មដល់វិស័យសុខាភិបាល និងសុខុមាលភាពប្រជាជនកម្ពុជា៕

ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner