អាមេរិករឹបអូសលុយ គ្រីបតូ អ៊ីរ៉ង់ ១,០០០លានដុល្លារ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានប្រកាសពីការរឹបអូសលុយ គ្រីបតូ របស់អ៊ីរ៉ង់ ចំនួន១ពាន់លានដុល្លារ នេះបើតាមការបញ្ជាក់ របស់រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent កាលពីថ្ងៃសុក្រ។

ចំណាត់ការរបស់ទីក្រុងវ៉ាស៊ីនតោនបែបនេះ កើតមានឡើង បន្ទាប់ពីអាមេរិកបានផ្តើមវាយប្រហារជាថ្មី លើប្រទេសអ៊ីរ៉ង់ ក្នុងសប្តាហ៍នេះ បើទោះបីជា គូជម្លោះទាំងពីរ អះអាងពីការព្រមព្រៀងគ្នា លើចំណុចជាច្រើន អំឡុងការចរចាស្វែងរកការបញ្ចប់អរិភាពក៏ដោយ ។

បើតាម Anadolu, រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានអះអាងថា វិធានការនេះ ធ្វើឡើងចំពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ដើម្បីរឹបអូសទ្រព្យសម្បត្តិ ដែលមានទំនាក់ទំនង ជាមួយទីក្រុងតេហេរ៉ង់។

លោក Bessent បាននិយាយថា «ខ្ញុំជឿថា យើងបានរឹបអូសយកលុយគ្រីបតូរបស់ពួកគេ ប្រហែល មួយពាន់លានដុល្លារ» ដោយបន្ថែមថា សហរដ្ឋអាមេរិក រឹបអូសលុយឌីជីថលនេះ ភ្លាមៗ ដោយអះអាងថា ម្ចាស់គណនីមួយចំនួន នៅតែមិនដឹងពីការរឹបអូសនោះទេ។

លោក Bessent បាននិយាយថា សហរដ្ឋអាមេរិកក៏កំពុងសម្របសម្រួលជាមួយសម្ព័ន្ធមិត្ត នៅបរទេសលើការរឹបអូសទ្រព្យសម្បត្តិ ដ៏ទូលំទូលាយផងដែរ។

លោកបានមានប្រសាសន៍ថា «យើងកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់យើង នៅទូទាំងទ្វីបអឺរ៉ុប ដើម្បីដណ្តើម យក វីឡា ផ្ទះ និងទ្រព្យសម្បត្តិ» ដោយលោកបានកំណត់កិច្ចខិតខំប្រឹងប្រែងនេះថា ជាការទាញយកមូលនិធិដែលត្រូវបានលួចពីប្រជាជនអ៊ីរ៉ង់ធម្មតា។

លោក Bessent អះអាងថា «នេះជាលុយ ដែលលួចពីប្រជាជនអ៊ីរ៉ង់»៕

ប្រភព Anadolu ៖ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner