UN ថា ការការពារកុមារតាមអ៊ីនធឺណិត គឺជាអាទិភាពបន្ទាន់

ហ្សឺណែវ ៖ អង្គការសហប្រជាជាតិ អះអាង កាលពីថ្ងៃសុក្រថា ការធ្វើឱ្យពិភពលោកឌីជីថល មានសុវត្ថិភាពសម្រាប់កុមារ គឺជាអាទិភាពបន្ទាន់មួយ ដោយបន្ថែមថា អ្នកដែលបង្កគ្រោះថ្នាក់ តាមអ៊ីនធឺណិត ត្រូវតែទទួលខុសត្រូវ។

លោក Volker Turk ប្រធានសិទ្ធិមនុស្ស របស់ UN បាននិយាយ នៅទីក្រុង ហ្សឺណែវ ថា «រដ្ឋនានាត្រូវតែបង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ផ្តោតលើសុវត្ថិភាពកុមារ ហើយបាននិយាយថា គ្រោះថ្នាក់ដល់កុមារគឺជាលទ្ធផលផ្ទាល់ នៃការអនុវត្តអាជីវកម្ម និង ជម្រើសនៃការរចនា»។

លោក Turk បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ពិភពឌីជីថលដែលភ្ជាប់កុមារទៅនឹងការសិក្សា សហគមន៍ និងការច្នៃប្រឌិត ក៏បង្ហាញឱ្យឃើញពួកគេ នូវហានិភ័យពិតប្រាកដ ចំពោះសុវត្ថិភាព ឯកជនភាព និង សុខុមាលភាពរបស់ពួកគេ» ។

លោកបន្ថែមថា «គ្រោះថ្នាក់លើអ៊ីនធឺណិត ចំពោះសុវត្ថិភាព ឯកជនភាព និងសុខុមាលភាពរបស់កុមារគឺមិនមែនជារឿង ដែលជៀសមិនរួចទេ អាស្រ័យលើ ជម្រើសនៃការរចនា និងការអនុវត្តអាជីវកម្ម»។

លោកបានបន្ថែមថា «ការលើកកម្ពស់ ការការពារកុមារ តាមអ៊ីនធឺណិត គឺជាអាទិភាពបន្ទាន់មួយ ដែលយើងត្រូវធ្វើឱ្យប្រាកដថា មិនត្រឹមតែសម្រេចបាននោះទេ ប៉ុន្តែ វាត្រូវធ្វើបានត្រឹមត្រូវ»។

ស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ រូបនេះ បានអំពាវនាវឱ្យមានវិធានការតឹងរ៉ឹង ដោយប្រទេស និងក្រុមហ៊ុនបច្ចេកវិទ្យានានា ដើម្បីធ្វើឱ្យវេទិកាអនឡាញ មានសុវត្ថិភាពសម្រាប់កុមារ តាមរយៈបទប្បញ្ញត្តិ ការត្រួតពិនិត្យ និងគណនេយ្យភាព កាន់តែប្រសើរឡើង។

លោក Turk អំពាវនាវឱ្យវេទិកានានា ត្រូវបានធ្វើឱ្យមានសុវត្ថិភាពជាងមុន តាមរយៈការរចនា និងធានាថាទិន្នន័យ ត្រូវបានការពារ ៕

ប្រភព៖ CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner