ក្រសួងប្រៃសណីយ៍ចេញញត្តិគាំទ្រ លើចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រ ត្រួតស៊ីគ្នាដោយយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)
ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង លើចំណាត់ការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមក្របខណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា (Overlapping Claims Area) រវាងប្រទេសទាំងពីរ។
ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនេះ គឺជាជំហានការទូតដ៏វៃឆ្លាត និងប្រាកដនិយម ដើម្បីការពារផលប្រយោជន៍និងសិទ្ធិស្របច្បាប់របស់កម្ពុជា ព្រមទាំងធានានូវតម្លាភាព និងយុត្តិធម៌ ដែលជាផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។ ការណ៍នេះក៏បានបង្ហាញពីភាពចាស់ទុំផ្នែកការទូតនិងជំហរដ៏រឹងមាំរបស់កម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យ ដែលតែងតែគោរពនិងអនុវត្តតាមគោលការណ៍ច្បាប់អន្តរជាតិយ៉ាងខ្ជាប់ខ្ជួន ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្មើភាព សំដៅរក្សនូវសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងនៅក្នុងតំបន់និងពិភពលោក។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងដោយឥតងាករេ ចំពោះការសម្រេចចិត្ត និងចំណាត់ការដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រដោយយន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នាពេលនេះ និងសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងបណ្តាប្រទេសជាមិត្ត សូមចូលរួមតម្កល់ និងការពារតម្លៃនៃនីតិរដ្ឋអន្តរជាតិ ដោយជំរុញ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យយកចិត្តទុកដាក់និងតាមដានការអនុវត្តយន្តការផ្សះផ្សាដោយបង្ខំនេះ ដោយស្មោះត្រង់ គ្មានការរើសអើង និងផ្អែកលើគោលការណ៍សមធម៌ ដើម្បីឈានទៅរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ និងតម្លាភាព៕
ដោយ៖ង៉ាន់ ទិត្យ
