UNICEF ៖ សង្រ្គាមអ៊ីរ៉ង់ គំរាមកំហែងដល់ការដឹកជញ្ជូនសម្ភារៈសង្គ្រោះជីវិតកុមារ
ហ្សឺណែវ ៖ មូលនិធិកុមារអន្តរជាតិនៃអង្គការសហប្រជាជាតិ ហៅកាត់ UNICEF បានចេញការព្រមានធ្ងន់ៗមួយ នៅថ្ងៃ អង្គារ ថា ការហក់ឡើងខ្ពស់ថ្លៃដឹកជញ្ជូន និងការបង្អាក់ខ្សែចង្វាក់ផ្គត់ផ្គង់ បង្កឡើងដោយសារតែសង្គ្រាមអ៊ីរ៉ង់ កំពុងគំរាមកំហែងដល់ការចែកចាយជំនួយសង្រ្គោះជីវិតកុមារ ។
ការព្រមាននេះ កើតឡើងបន្ទាប់ពីតំបន់មជ្ឈិមបូព៌ាបានធ្លាក់ចូលទៅក្នុងវិបត្តិអស់រយៈពេលជិត ១០០ថ្ងៃហើយ ។ បញ្ហានេះ បានធ្វើឲ្យអសន្តិសុខកើនឡើង ពាក់ព័ន្ធនឹងផ្លូវដឹកជញ្ជូនសំខាន់ៗនៅតំបន់ឈូងសមុទ្រ រួមទាំងច្រកសមុទ្រ Hormuz ។
ហើយវិបត្តិទាំងនេះ គឺជាដើមចង ជំរុញឲ្យតម្លៃប្រេង និងបុព្វលាភធានារ៉ាប់រងកើនឡើងយ៉ាងគំហុក ខណៈការកកស្ទះខ្លាំងនៅតាមកំពង់ផែនានា ក៏នាំឲ្យរំខានកាន់តែធ្ងន់ធ្ងរ និងរារាំងដល់ការចែកចាយជំនួយមនុស្សធម៌ ។
ការដឹកជញ្ជូនជំនួយមួយចំនួន ត្រូវពន្យារពេលរហូតដល់ទៅ ៦ ខែឯណោះ ។ មូលហេតុទាំងនេះ បានជំរុញឱ្យអង្គការ UNICEF ត្រូវបង្ខំចិត្តប្រើប្រាស់សេវាដឹកជញ្ជូនតាមផ្លូវអាកាស ដែលមានតម្លៃថ្លៃ ។
ជាក់ស្តែង ថវិកាដឹកជញ្ជូននៅប្រទេសម៉ាលីបានកើនឡើងដល់ទៅ ៣៦ភាគរយ ដែលបង្ខំឱ្យមានការកាត់បន្ថយការទិញអាហាររូបត្ថម្ភសង្គ្រោះជីវិតកុមារ កាត់បន្ថយចំនួនថ្នាំព្យាបាលសង្រ្គោះជីវិត និងចំនួនកុមារដែលត្រូវព្យាបាល ។
ជុំវិញបញ្ហានេះ ប្រធានផ្នែកដឹកជញ្ជូន និងភស្តុភារសកលរបស់អង្គការ UNICEF លោក Jean-Cedric Meeus បានប្រាប់អ្នកសារព័ត៌មានថា ជម្លោះដែលអូសបន្លាយនៅមជ្ឈិមបូព៌ា កំពុងបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការរបស់ UNICEF ។
វិបត្តិជាសកលនេះ មិនត្រឹមតែប៉ះពាល់ដល់តំបន់មជ្ឈិមបូព៌ាតែមួយប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរាលដាលដល់កុមារងាយរងគ្រោះនៅតំបន់ហ្គាហ្សា លីបង់ ស៊ូដង់ យេម៉ែន អាហ្វហ្គានីស្ថាន សូម៉ាលី និងកុងហ្គោ ផងដែរ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា




