ក្រសួងបរិស្ថានបោះបង្គោលព្រំដីនៅទេទឹកពុះ ដើម្បីការពារតំបន់អភិរក្សធនធានធម្មជាតិ
ការបោះបង្គោលព្រំដី គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។ ក្នុងន័យនេះ ក្រសួងបរិស្ថានបានបញ្ចប់ការបោះបង្គោលព្រំដីចំនួន២១បង្គោល នៅតំបន់គម្រោងគោលដៅលម្ហែបៃតង «ទេទឹកពុះ» ស្ថិតក្នុងតំបន់ការពារធម្មជាតិកោដូន្តី នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្នុងពិធីផ្សព្វផ្សាយជំរុញសកម្មភាពបង្កើនគម្របបៃតងនៅតំបន់ទេទឹកពុះ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការកំណត់ព្រំប្រទល់ច្បាស់លាស់ អាចរួមចំណែកទប់ស្កាត់ការកាប់ឈើ ការទន្ទ្រានដីរដ្ឋ និងការកាន់កាប់ដីសហគមន៍ដោយខុសច្បាប់។
ឯកឧត្តមបន្តថា ការកំណត់ព្រំដីក៏ជួយសម្រួលដល់ការគ្រប់គ្រងតំបន់ និងការអាស្រ័យផលរបស់សហគមន៍មូលដ្ឋាន ព្រមទាំងរួមចំណែកការពារជីវៈចម្រុះ ថែរក្សាជម្រកសត្វព្រៃ និងរុក្ខជាតិកម្រ ព្រមទាំងរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីសម្រាប់មនុស្សគ្រប់ជំនាន់។
អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការបោះបង្គោលព្រំដីក្នុងតំបន់គម្រោងអភិវឌ្ឍន៍លម្ហែបៃតងទេទឹកពុះ ក្រសួងនឹងបន្តបោះបង្គោលព្រំដីចំនួន ៣៧បង្គោលបន្ថែមទៀតនៅជុំវិញតំបន់ការពារធម្មជាតិនោះ ដើម្បីពង្រឹងការទប់ស្កាត់ការលួចចូល រុករាន និងទន្ទ្រានដីដោយខុសច្បាប់ ព្រមទាំងធានាការអភិវឌ្ឍគោលដៅលម្ហែបៃតងនេះឱ្យមាននិរន្តរភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តម ខ្វៃ អាទិត្យា បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងអភិវឌ្ឍជីវភាពសហគមន៍ស្របតាមគោលការណ៍និរន្តរភាពបរិស្ថាន។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អង្គការ និងដៃគូអភិវឌ្ឍន៍នានា ឱ្យចូលរួមជំរុញការដាំដើមឈើ បង្កើនគម្របបៃតង និងលើកកម្ពស់ភាពស្អាតនៅតាមសហគមន៍។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងពន្លឿនការអភិវឌ្ឍតំបន់ទេទឹកពុះ ខេត្តកំពង់ស្ពឺ ឱ្យក្លាយជាគោលដៅលម្ហែបៃតងដ៏ទាក់ទាញមួយរបស់ប្រទេសកម្ពុជា។ ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ រួមទាំងជនជាតិដើមភាគតិចសួយ ក្រសួងបានអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញធ្វើដំណើរឆ្លងកាត់ និងឡើងភ្នំខ្នងផ្សារកាលពីខែមីនា ឆ្នាំ២០២៥ ព្រមទាំងក្នុងដំណើរទស្សនកិច្ចថ្មីៗនៅតំបន់នេះ ដោយសម្តេចជំរុញឱ្យមានការអភិវឌ្ឍគោលដៅលម្ហែបៃតង ដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់សហគមន៍មូលដ្ឋាន។
ក្រៅពីការបោះបង្គោលព្រំដី ក្រសួងបរិស្ថានក៏កំពុងរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងតំបន់គម្រោងលម្ហែបៃតងទេទឹកពុះ ក្នុងនោះ ក៏មានការបំពាក់អំពូលសូឡា ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនប្រជាពលរដ្ឋជាង ៣០០គ្រួសារផងដែរ។
នាពេលខាងមុខ ក្រសួងនឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើវិស័យទេសចរណ៍បៃតង ដូចជា មជ្ឈមណ្ឌលព័ត៌មាន កន្លែងគោរពបូជា កន្លែងងូតទឹក កន្លែងសម្រាកលម្ហែជាមួយធម្មជាតិ តូបលក់ផលិតផល និងផ្សារសហគមន៍ជាដើម៕
ដោយ៖ ង៉ាន់ ទិត្យ
