សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសអធិរាជស្វាយចន្ទី
កំពង់ធំ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ឡើងវិញពីមហិច្ឆតារបស់កម្ពុជា ចង់ក្លាយជាអធិរាជស្វាយចន្ទី ខណៈកម្ពុជាកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពិភពលោក ជាប្រទេសផលិត និងនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេបំផុត ឈរពីក្រោយប្រទេសកូដឌីវ័រ។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ ដែលជាខេត្តយុទ្ធសាស្ត្រសម្រាប់ដំណាំស្វាយចន្ទី នៅព្រឹកថ្ងៃទី០៣ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខេត្តកំពង់ធំ ជាគោលដៅនៃការចាប់អារម្មណ៍ការវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទី ដោយសម្តេចជំរុញឲ្យអភិបាលខេត្តនេះត្រូវក្តាប់ឱកាសទាក់ទងការទាក់ទាញការវិនិយោគ។
សម្តេចតេជោ ជំរុញថា យើងត្រូវប្រែក្លាយប្រទេសកម្ពុជា ទៅជាអធិរាជគ្រាប់ស្វាយចន្ទី ខណៈលើពិភពលោក បច្ចុប្បន្ន ប្រទេសដែលមានគ្រាប់ស្វាយចន្ទីច្រើនជាងគេ គឺកម្ពុជា ។ សម្តេចបញ្ជាក់ថា ពីមុន គឺប្រទេសកូឌីវ័រ តែពេលនេះ គឺកម្ពុជា ។
បើតាមសម្តេចប្រមុខរដ្ឋស្តីទី ប្រទេសវៀតណាម និងប្រទេសឥណ្ឌាគឺជាប្រទេសវៀតណាម គឺជាប្រទេសចែកចាយគ្រាប់ស្វាយចន្ទីធំជាងគេបំផុតលើពិភពលោក តាមពីក្រោយដោយប្រទេសឥណ្ឌា។ ប៉ុន្តែប្រទេសទាំងពីរផលិតគ្រាប់ស្វាយចន្ទីមិនគ្រប់គ្រាន់ឡើយ។ ហេតុនេះសម្តេចជំរុញឲ្យពលរដ្ឋកម្ពុជាដាំដំណាំត្រូពិកនេះឲ្យបានច្រើនដ្បិតជាដំណាំងាយដាំដុះ។
ខេត្តកំពង់ធំ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីមានចំនួនសរុប ១៦៨ ១៥២ហិកតា ស្មើនឹង២៣%នៃផ្ទៃដីកសិកម្មសរុប។ រាជរដ្ឋាភិបាលបានដាក់គោលដៅបង្កើតសួនឧស្សាហកម្មសម្រាប់ដំណាំស្វាយចន្ទីនៅខេត្តកំពុងធំ សម្រាប់ការផលិត កែច្នៃ និងនាំចេញ។
បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមន៍ចន្ទីកម្ពុជា តម្លៃគ្រាប់ស្វាយចន្ទីសើមក្នុងឆ្នាំ ២០២៦ ស្ថិតចន្លោះប្រមាណជាង ៥ពាន់ ដល់ ៧០០០រៀល ក្នុង ១គីឡូក្រាម គឺថ្លៃជាងឆ្នាំ ២០២៥។ ឆ្នាំ ២០២៥ ដែលតម្លៃគ្រាប់ស្វាយចន្ទីសើមស្ថិតក្នុងចន្លោះពី ៤ ៥០០ ទៅ ៦ ៥០០ រៀលប៉ុណ្ណោះ ក្នុង ១គីឡូក្រាម។
បច្ចុប្បន្នវៀតណាមគឺជាទីផ្សារនាំចេញធំបំផុតសម្រាប់គ្រាប់ស្វាយចន្ទីសើមរបស់កម្ពុជា៕
ដោយ៖វណ្ណលុក






