អ៊ីស្រាអែល បន្តក់គ្រាប់ចំមណ្ឌលសុខភាពនៅ លីបង់ ចំនួន ១៩០ លើក ស្លាប់អ្នកជំងឺ និងពេទ្យជិត ១៣០ នាក់
លោក Tedros Adhanom Ghebreyesus ប្រធាន អង្គការសុខភាពពិភពលោកអះអាងនៅថ្ងៃពុធនេះថា អ៊ីស្រាអែលបានបន្តក់គ្រាប់ចំនួន ១៩១ លើកទៅលើមណ្ឌលសុខភាពនៅក្នុងប្រទេសលីបង់ បណ្តាលឱ្យ ស្លាប់បុគ្គលិកសុខាភិបាល និងអ្នកជំងឺចំនួន ១២៨ នាក់ ខណៈដែល ៣៧១ នាក់ផ្សេងទៀតរងរបួស ។
ការអះអាងរបស់លោក Ghebreyesus កើតមានឡើង អំឡុងការធ្វើសេចក្តីថ្លែងការណ៍ជុំវិញស្ថានភាពលីបង់ ក្រោយផ្ទុះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីថ្ងៃទី២ ខែមីនាមក ។
ទោះបីជាមានបទឈប់បាញ់ក៏ដោយ, កងទ័ពអ៊ីស្រាអែល នៅតែបន្តការវាយប្រហារ នៅភាគខាងត្បូង ប្រទេសលីបង់ ខណៈដែលក្រុមហេសបូឡា កំពុងធ្វើការវាយប្រហារប្រឆាំងនឹងកងទ័ពអ៊ីស្រាអែលវិញ ដោយចោទប្រកាន់ពួកគេថា បានរំលោភលើបទឈប់បាញ់ ។
បើតាម Anadolu, ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើលីបង់ក៏បណ្ដាលឲ្យបុគ្គលិកថែទាំសុខភាពនៅមន្ទីរពេទ្យ Jebel Amil ចំនួន ៣៩ នាក់ បានរងរបួសផងដែរ ខណៈបន្ទប់សង្គ្រោះបន្ទាន់ និង អគារថែទាំអ្នកជំងឺ ដែលជាតម្រូវការចាំបាច់ខ្លាំង សុទ្ធតែបានរងការខូចខាតយ៉ាងដំណំដូចគ្នា ។
ឆ្លើយតបនឹងរឿងនេះ លោក Ghebreyesus ក៏បានអំពាវនាវឲ្យមានការការពារទីតាំងផ្តល់សេវាសុខភាព, បុគ្គលិកសុខាភិបាល, អ្នកជំងឺ និង មន្ទីរពេទ្យ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ។
ជម្លោះ បានចាប់ផ្តើមផ្ទុះឡើង ក្រោយពេលដែលក្រុមហេសបូឡា ដែលមានមូលដ្ឋាន នៅលីបង់ បានបាញ់មីស៊ីលផ្លោងទៅលើអ៊ីស្រាអែល ដើម្បីបង្ហាញពីការគាំទ្រចំពោះអ៊ីរ៉ង់ ដែលរងការវាយប្រហារស្រាក់ដៃគ្នា រវាងអាមេរិក និង អ៊ីស្រាអែល ប្រឆាំងលើទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។
ក្រសួងសុខាភិបាលលីបង់ បានប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយ របស់ខ្លួនថា គិតត្រឹមពេលនេះ មនុស្សជាង ៣,៤០០ នាក់បានស្លាប់ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល លើប្រទេសនេះ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត