ប្រមុខ UN ជំរុញឱ្យបញ្ឈប់អំពើហិង្សានានានៅមជ្ឈិមបូព៌ាជាបន្ទាន់
វ៉ាស៊ីនតោន ៖ ប្រមុខដឹកនាំអង្គការសហប្រជាជាតិ នៅថ្ងៃ អង្គារ បានជំរុញឱ្យបញ្ឈប់អំពើហិង្សានានាទូទាំងតំបន់មជ្ឈិមបូព៌ាជាបន្ទាន់ នៅពេលដែលលោកមានការភ្ញាក់ផ្អើលខ្លាំង នឹងការកម្រើកការវាយប្រហារជាថ្មីនៅក្នុងតំបន់នេះ ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបង្ហោះសារលើ X ថា រាល់ការវាយប្រហារទាំងអស់នៅមជ្ឈិមបូព៌ា ត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយបទឈប់បាញ់នៅលីបង់ អ៊ីរ៉ង់ និងតំបន់ហ្គាហ្សា ត្រូវតែបន្តអនុវត្តឱ្យបានពេញលេញ ។
ជាមួយគ្នានេះ លោក Guterres ក៏បានអំពាវនាវឱ្យអ៊ីស្រាអែលបើកច្រកចេញចូលជាបន្ទាន់ ដើម្បីធានាការដឹកជំនួយមនុស្សធម៌នៅទូទាំងតំបន់ហ្គាហ្សា ស្ថិតក្រោមលក្ខខណ្ឌនៃបទឈប់បាញ់កន្លងមកនេះ ។
បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅតែសុពលភាពនៅឡើយ ចាប់តាំងពីខែតុលា ឆ្នាំ២០២៥ ។ ក្នុងនោះ មានចំណុចមួយនិយាយអំពីការធានាការដឹកជញ្ជូនជំនួយមនុស្សធម៌ ។
យ៉ាងណា ទោះបីជាមានបទឈប់បាញ់ក៏ដោយ អ៊ីស្រាអែល និងក្រុមហាម៉ាស់តែងតែចោទប្រកាន់គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការរំលោភបទឈប់បាញ់ ។
តួយ៉ាង ចាប់តាំងពីមានបទឈប់បាញ់មក អ៊ីស្រាអែលវាយប្រហារសម្លាប់ជនជាតិប៉ាឡេស្ទីនអស់ ៩៥០ នាក់ហើយ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ។ ចំណែក ទាហានអ៊ីស្រាអែលចំនួន ៤នាក់ ក៏ត្រូវបានក្រុមសកម្មប្រយុទ្ធសម្លាប់ផងដែរ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា