អភិបាលរាជធានីចុះពិនិត្យលទ្ធផលស្ដារប្រឡាយបញ្ជៀសជំនន់ទឹកភ្លៀង
ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា២០២៦ បានដឹកនាំមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរខណ្ឌចំនួន៦ ចុះពិនិត្យមើលលទ្ធផលស្ដារប្រឡាយជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ឯកឧត្តមក៏បានចុះពិនិត្យស្ថានីយ៌បូមទឹកលូ៥ក្នុងខណ្ឌមានជ័យ និងស្ថានីយ៌បូមទឹកបឹងតាមាតក្នុងខណ្ឌដង្កោ ដែលអនុវត្តដោយមន្ទីរសាធារណការ ទៅតាមផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ការងារស្ដារប្រឡាយ និងសាងសង់ស្ថានីយ៌បូមទឹកទាំងអស់ខាងលើ គឺមានគោលបំណងធ្វើយ៉ាងណាដើម្បីបញ្ជៀសកុំឱ្យជំនន់ទឹកភ្លៀងលិចលង់លំនៅដ្ឋានប្រជាពលេដ្ឋនារដូវវស្សានេះ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា ការស្ដារប្រឡាយទាំងអស់នេះ គឺជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានដាក់ឲ្យខណ្ឌនីមួយៗអនុវត្តកន្លងមក ហើយបើតាមផែនការនេះ ក្រុមការងារនឹងធ្វើការស្ដារប្រឡាយរហូតដល់ជើងឯក ដោយរដ្ឋបាលរាជធានីភ្នំពេញទទួលរ៉ាប់រងលើការចំណាយ និងប្រេងឥន្ធនៈទាំងអស់។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា នាឱកាសចុះពិនិត្យមើលការងារស្តារប្រឡាយនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូន សហការជាមួយអាជ្ញាធរខណ្ឌ ធ្វើការជីកស្ដារប្រឡាយតភ្ជាប់ប្រឡាយទួលពង្រ ចាប់ពីផ្លូវតុងហ្គា រហូតដល់ប្រឡាយលូប្រាំ ជាមួយនឹងការដាក់លូខ្នាតធំឆ្លងកាត់ផ្លូវចំនួន២កន្លែង ជំនួសលូចាស់ដែលតូចចង្អៀត។
ជាងនេះទៅទៀត ក្រុមការងារត្រូវសិក្សាដូរទីតាំងស្ថានីយ៍បូមទឹកក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង ដើម្បីជៀសវាងផលប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមឃួង ស្រេង ក៏បានណែនាំឲ្យបន្តស្ដារប្រឡាយភូមិម័រ និងដាក់បំភ្លឺភ្លើងសាធារណៈតាមផ្លូវស្របតាមប្រឡាយទូលពង្រ ក្នុងខណ្ឌពោធិសែនជ័យនេះផងដែរ។
ពាក់ព័ន្ធការស្តារប្រឡាយទួលពង្រប្រវែងជាង ៥ ៥០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៤ ម្ដុំវត្តជម្ពូវ័នរហូតដល់ប្រឡាយលូប្រាំនេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការកាយប្រឡាយនេះបានប្រមាណជាង៤ ០០០ ម៉ែត្រហើយ នៅសល់ជាង១០០០ម៉ែត្រប៉ុណ្ណោះ ដែលក្រុមការងារកំពុងកាយបន្ត។ ការងារនេះអាចប្រើពេលប្រមាណជាមួយសប្តាហ៍ទៀតនឹងរួចរាល់ជាស្ថាពរ៕







