ប្រតិបត្តិការ៨ថ្ងៃជាប់គ្នា មន្ត្រីឧទ្យានុរក្សដកហូតឈើល្មើស១៥០កំណាត់នៅស្រុកកោះញែក
មណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ នៃខេត្តមណ្ឌលគិរីបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិរយៈពេល ៨ថ្ងៃជាប់ៗគ្នា ដោយដកហូតបានឈើអារប្រភេទលេខ១ (សុក្រំ) ចំនួន ១៥០កំណាត់ ស្មើនឹង ជាង៤,៣ម៉ែត្រគូប ព្រមទាំងគោយន្តកន្ត្រៃ និងម៉ូតូមួយចំនួន ខណៈក្រុមជនល្មើសបានរត់គេចខ្លួនបាត់។
ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនេះបានធ្វើឡើង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក ឌិន ប៊ុនថាច ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ក្នុងភូមិសាស្ត្រភូមិជីក្លប ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
យោងតាមរបាយការណ៍របស់មន្ត្រីជំនាញកាលពីថ្ងៃទី១ ខែមិថុនា កម្លាំងឧទ្យានុរក្សបានចុះល្បាតដល់ចំណុចដៃអូរជាវ តាមបណ្តោយផ្លូវលេខ៧៧ និងបានប្រទះឃើញជនសង្ស័យចំនួន ១១នាក់ កំពុងប្រើប្រាស់គោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កចំនួន ៤គ្រឿង ដឹកជញ្ជូនឈើអារប្រភេទសុក្រំដោយខុសច្បាប់។
ក្រោយពេលឃើញសមត្ថកិច្ច ក្រុមជនសង្ស័យបានព្យាយាមបើកគោយន្តរត់គេចខ្លួន។ នៅពេលទៅដល់ចំណុចត្រពាំងកណ្តោល ដោយសារផ្លូវមានសភាពផុងខ្លាំង ពួកគេបានទម្លាក់ឈើចោល និងបន្សល់ទុកម៉ូតូវ៉េវ ពណ៌ស គ្មានស្លាកលេខ មួយគ្រឿង ដែលប្រើសម្រាប់ជិះមើលផ្លូវ មុននឹងបន្តរត់គេច។
ទោះបីជាជនល្មើសព្យាយាមគេចខ្លួនក៏ដោយ កម្លាំងជំនាញបានបន្តដេញតាមរហូតដល់ចំណុចស្រែប៉ាង និងបានរកឃើញគោយន្តកន្ត្រៃចំនួន ៣គ្រឿង ដែលត្រូវបានយកទៅលាក់ទុកក្នុងព្រៃ។ ចំណែកគោយន្តមួយគ្រឿងទៀតបានរត់គេចផុត ដោយសារកម្លាំងមានចំនួនតិច និងស្ថានភាពមេឃងងឹត។
វត្ថុតាងរួមមានគោយន្តកន្ត្រៃ ៣គ្រឿង និងម៉ូតូ ១គ្រឿង ត្រូវបានដឹកយកទៅរក្សាទុកនៅទីស្នាក់ការកណ្តាលរយ៉លើ។ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ក្រុមការងារបានដាក់កម្លាំងយាមការពារវត្ថុតាង និងរៀបចំដឹកជញ្ជូនឈើល្មើសទៅកាន់ទីស្នាក់ការ។ ទោះបីជាមានការលំបាកខ្លះដោយសារមធ្យោបាយដឹកជញ្ជូនខូចក៏ដោយ ក៏វត្ថុតាងទាំងអស់ត្រូវបានដឹកមកដល់ដោយសុវត្ថិភាព។
ក្រោយការវាស់វែង និងផ្ទៀងផ្ទាត់ជាក់ស្តែងនៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមិថុនា មន្ត្រីជំនាញបានរកឃើញថា ឈើអារប្រភេទសុក្រំដែលរឹបអូសបានមានចំនួនសរុប ១៥០កំណាត់ ស្មើនឹង ៤,៣៦១ម៉ែត្រគូប។ ជាមួយគ្នានេះ កម្លាំងជំនាញក៏បានបន្តស្វែងរកគោយន្តមួយគ្រឿងដែលនៅសេសសល់ ប៉ុន្តែមិនទាន់រកឃើញនៅឡើយ។
រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបានបន្តចុះល្បាតដល់ចំណុចដៃអូររពើ ប៉ុន្តែមិនបានប្រទះឃើញបទល្មើសបន្ថែមទៀតនោះទេ។
បច្ចុប្បន្ន វត្ថុតាង និងមធ្យោបាយដែលបានចាប់យកទាំងអស់ កំពុងត្រូវបានរក្សាទុកនៅទីស្នាក់ការកណ្តាលរយ៉លើ ខណៈមន្ត្រីជំនាញនៃការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ កំពុងរៀបចំកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ដើម្បីស្វែងរក និងនាំខ្លួនជនពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕
ដោយ៖ឡុង សំបូរ




