មន្រ្តីក្រសួងប្រៃសណីយ៍ប្រមាណ១ពាន់នាក់ ទទួលការបណ្តុះបណ្តាលបញ្ញាសិប្បនិម្មិត (AI) បង្កើនប្រសិទ្ធភាពការងារក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល
ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ប្រមាណ១០០០នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល» ។
វគ្គបណ្តុះបណ្តាលនេះ នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ( CADT) ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ដែលមាន១១ក្រុមផ្សេងគ្នា។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា តាមការណែនាំពីសំណាក់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍យ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា ជាពិសេសចូលរួមក្នុងការកសាងមូលធនមនុស្សឌីជីថលក្នុងវិស័យសាធារណៈស្របតាមចក្ខុវិស័យគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ ហើយក៏ជាការពង្រឹងសមត្ថភាពមន្ត្រីរាជការ លើមូលដ្ឋានគ្រឹះបញ្ញាសិប្បនិម្មិត ទិដ្ឋភាពទូទៅនៃប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតរបស់កម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ ក៏ផ្តោតសំខាន់លើ ហានិភ័យនិងបញ្ហាប្រឈមនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត ព្រមទាំងរបៀបប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងទាញយកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិតឱ្យបានជាអតិបរមា ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ រួមមាន៖ សមត្ថភាពក្នុងការសួរសំណួរដើម្បីបំផុសគំនិត ការសង្ខេបឯកសារខ្លីខ្លឹម ការរៀបចំលិខិតស្នាម កាលវិភាគ ផែនការហិរញ្ញវត្ថុ ការរៀបចំស្លាយបទបង្ហាញ ការបង្កើតមាតិកា ឬគេហទំព័រផ្សព្វផ្សសាយ រួមទាំងការងារបច្ចេកទេសកម្រិតខ្ពស់លើការវិភាគទិន្នន័យស្មុគស្មាញ និងការគ្រប់គ្រងឯកសារ ឬគម្រោងរបស់ស្ថាប័ន និងការបំលែងពីវីអត្ថបទទៅជាសម្លេង និងទៅជាវីដេអូបទបង្ហាញជាដើម៕
ង៉ាន់ ទិត្យ








